Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងក្រុងពោធិ៍សាត់

_

បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា រយះពេល ០៤ ទៅ ០៥ថ្ងៃ នៅតំបន់ជួរក្រវាញបានធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ ហក់ឡើងខ្លាំងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម​ ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងក្រុងពោធិ៍សាត់ចាប់ពីកោះសំពៅមាស រហូតដល់ស្ពានថ្មផ្លូវជាតិលេខ៥ ដើម្បីមានវិធានការទប់ស្តាត់ប្រសិនបើទឹកនៅតែបន្តជន់ទៀតនោះ។

_

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង០៥ ល្ងាចនេះមានកម្ពស់៤.៨៨ម (កម្ពស់ប្រកាសអាសន្ន ០៥ម)។ ស្ទឹងក្រវាញមានកម្ពស់២.៣៦ម (កម្ពស់ប្រកាសអាសន្ន ០៦ម) និងស្ទឹងវាលវែងមានកម្ពស់២.១៥ (កម្ពស់ប្រកាសអាសន្ន ០៩ម) ។ចំពោះស្ថានភាពទឹកតាមដងស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញទឹកស្ទឹងចាប់ស្រកចុះជាបន្តបន្ទាប់ហើយ។ដោយឡែកនៅក្រុងពោធិ៍សាត់ទឹកស្ទឹងបានចាប់ផ្តើមស្រកចុះកម្ពស់០.០៥ម។ លោក កែវ វ័យ បញ្ជក់ទៀតថា បើសិនស្ថិតក្នុងស្ថានភាពណាមួយត្រូវប្រកាសអាសន្ន ក្នុងនាមមន្ទីរជំនាញ លោកនឹងធើ្វសេចក្តីជូនដំណឹងដល់សាធារណៈជន ឱ្យបានជ្រាបជាមុន ដើម្បីត្រៀមលក្ខណៈបង្កាទប់ស្កាត់ទាំងអស់គ្នា។

ស្ថិតក្នុងស្ថានភាពបែបនេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានត្រៀមរួចជាស្រេចនូវវិធានការ កម្លាំងសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវីតរបស់ប្រជាពលរដ្ឋ។ទោះបីស្ថានភាពទឹកជំនន់ពុំទាន់ស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្នក៏ពិតមែន ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម សូមបួងសួងដល់វត្ថុសក្តិសិទ្ធិ នៅក្នុងខេត្ត សូមបញ្ចៀសទឹកនេះកុំឱ្យលិចលង់ក្នុងខេត្ត និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ ពិសេសក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ដែលកំពុងជន់លិចនេះ។ ជាមួយគ្នានេះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដានក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ និងស្ថានភាពរបស់ប្រជាពលរដ្ឋដើម្បីត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ ក៍បានជូនថវិកាម្នាក់២០.០០០រៀល ដល់កម្លាំងសមត្ថកិច្ចដែលបានត្រៀមជួយអន្តរាគមន៍ទឹកជំនន់នេះផងដែរ៕

អត្ថបទ៖ សែម សុគន្ធ

Advertisement
Advertisement