Connect with us

Hi, what are you looking for?

ក្នុងស្រុក

Covax ផ្តល់ទូទឹកកកពិសេស សម្រាប់ដាក់វ៉ាក់សាំង​ដល់​កម្ពុជា

ទូទឹកកកពិសេស

ភ្នំពេញ – កាលពីរសៀលថ្ងៃចន្ទ (១ ខែវិច្ឆិកា) លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស អញ្ជើញទទួលទូទឹកកពិសេស (-80 ទៅ -20oC) ចំនួន ០៩ គ្រឿង ជាជំនួយពី Covax Facility ។

ទូទឹកកកពិសេស

ការទទួលនេះបានធ្វើ​ឡើង​នៅឃ្លាំងឱសថកណ្តាល (CMS)​ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី តំណាងអង្គការយូនីសែស (UNICEF) និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងស្ថាប័ននានាពាក់ព័ន្ធផ្សេងៗទៀត។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ប្រព័ន្ធត្រជាក់នេះនឹងចូលរួមចំណែកដល់ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ខណៈនៅពេលខាងមុខនេះ កម្ពុជាអាចនឹងមានវ៉ាក់សាំងផ្សេងៗទៀត ដែលតម្រូវឲ្យមានការថែរក្សាទុកដាក់ ចន្លោះពី -៨០ ទៅ -២០អង្សា។

បើតាមលោកស្រី ឱ វណ្ណឌីន ការទទួលបាននូវប្រព័ន្ធត្រជាក់នេះ គឺប្រៀបដូចការត្រៀមលក្ខណៈជាមុនរបស់កម្ពុជា ដែលប្រព័ន្ធត្រជាក់នេះជាអត្ថប្រយោជន៍មួយបន្ថែមទៀតសម្រាប់កម្ពុជា។

_

លោកស្រីប្រធានគណៈកម្មការចំពោះកិច្ច បានគូសបញ្ជាក់ថា កន្លងទៅតែងតែមានការចោទសួរថា ហេតុអ្វីដែលកម្ពុជាមិនគិតគូរទទួលយកនូវវ៉ាក់សាំងដែលរក្សាទុកនៅសីតុណ្ហភាពទាបបំផុត។ ជាការឆ្លើយតបលោកស្រីបានលើកឡើងថា កន្លងមកដោយសារតែកម្ពុជា មិនទាន់មានប្រព័ន្ធត្រជាក់ដូច្នេះហើយ បានកម្ពុជាប្រើប្រាស់នូវវ៉ាក់សាំងដែលនៅសីតុណ្ហភាព ត្រឹម២ ទៅ៨អង្សា។

ជាមួយគ្នានេះ លោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានឲ្យដឹងថា តាមរយៈទូត្រជាក់នេះនឹងជួយពង្រឹងដល់ដំណើរការចាក់វ៉ាក់សាំងនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្នកម្ពុជា សម្រេចបានលទ្ធផលយ៉ាងល្អក្នុងដំណើរការចាក់វ៉ាក់សាំងនេះ។

លោកស្រីបន្ថែមទៀតថា ទូត្រជាក់ចំនួន៩គ្រឿង ដែលបានផ្ដល់ជូនក្រសួងសុខាភិបាលនៅពេលនេះ អាចមានសមត្ថភាពរក្សាទុកនូវវ៉ាក់សាំង បានចំនួន២.៤លានដូស។ ទូត្រជាក់នេះ អាចផ្ទុកនូវវ៉ាក់សាំងប្រភេទ Pfizer និង Moderna ជាដើម៕

Advertisement
Advertisement