Connect with us

Hi, what are you looking for?

កីឡា

កម្ពុជា​គ្រោង​បើក​ការ​ប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ នៅចុងខែធ្នូ

សហព័ន្ធកីឡាទោចក្រយានកម្ពុជាគ្រោងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនៅចុងខែធ្នូ

ភ្នំពេញ – សហព័ន្ធកីឡាទោចក្រយានកម្ពុជាគ្រោងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួននាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសម្រិតសម្រាំងរកកីឡាករ កីឡាការិនីជ័យលាភីប្រចាំឆ្នាំ២០២១ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យ។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាគូសបញ្ជាក់ថា «បើទោះបីជាសហព័ន្ធកីឡាជាតិត្រេកអរនឹងការបើកដំណើរការលើគ្រប់វិស័យឡើងវិញបែបនេះ ក៏ការប្រកួតជើងឯកថ្នាក់ជាតិ នាចុងខែធ្នូ ខាងមុខនេះនឹងគោរពទៅតាមវិធានការសុខាភិបាល ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួនបំផុត»។

លោកបន្ថែមថា អ្វីដែលសំខាន់ក្នុងបរិបទកូវីដ-១៩នេះ សហព័ន្ធនឹងបន្តការអនុវត្តសម្រាប់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ក៏ដូចជាការប្រកួត នាពេលខាងមុខ តាមគន្លងថ្មីនៃវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានោះសហព័ន្ធក៏ត្រៀមបើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងសម្រាប់មន្ត្រីបច្ចេកទេសជាច្រើនវគ្គទៀត។

លោកបន្តថា គោលដៅរួមទាំងនេះ គឺដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ ក៏ដូចជាការសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕

Advertisement
Advertisement