Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កម្ពុជាកំពុងរៀបចំយុទ្ធសាស្ត្រទាក់ទាញទេសចរចាក់វ៉ាក់សាំងពីជប៉ុន

ភ្នំពេញ – ទន្ទឹមនឹងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បាននិងកំពុងជំរុញការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរសុវត្ថិភាពពីទីផ្សារទេសចរណ៍សំខាន់ៗជាច្រើន ក្នុងនោះក៏កំពុងសម្លឹងមើលគោលដៅទីផ្សារទេសចរណ៍នៅប្រទេសជប៉ុនផងដែរ ដើម្បីរៀបចំយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរពីប្រទេសនេះឱ្យបានច្រើន។

នេះបើតាមខ្លឹមសារនៃជំនួបទ្វេភាគីរវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា-ជប៉ុន ពិសេសទេសចរចាក់វ៉ាក់សាំងមកទស្សនាកម្ពុជា នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្ថានទូតជប៉ុនរាជធានីភ្នំពេញ។

នៅក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានជម្រានជូនលោកឯកអគ្គរាជទូត មីកាមិ ឱ្យដឹងថា កម្ពុជាពិតជាចង់ឱ្យភ្ញៀវទេសចរជប៉ុនមកទស្សនាឡើងវិញឱ្យបានច្រើន ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះ ជាពិសេសការបើកតំបន់គោលដៅសុវត្ថិភាពចំនួន៣គោលដៅ រួមមាន ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ហើយតំបន់សៀមរាប-អង្គរក៏នឹងបើកទទួលភ្ញៀវទេសចរឡើងវិញចាប់ពីអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានពិភាក្សាបន្ថែមជាមួយលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ថានឹងជំរុញការបើកឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុនបន្ថែមទៀត ក្នុងនោះនឹងមានការរៀបចំពិសេសសម្រាប់ការធ្វើដំណើររបស់ទេសចរជប៉ុនមកកាន់តំបន់គោលដៅទាំងបីខាងលើក្នុងបរិបទកូវីដ១៩នេះ។ ក្នុងករណីការធ្វើដំណើរមកកាន់សៀមរាបហើយ អាចបន្តធ្វើដំណើរបានដោយទូលំទូលាយទៅកាន់តំបន់ទេសចរណ៍ផ្សេងទៀតដែលបានកំណត់។

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានជំរុញដល់ការអនុញ្ញាតឲ្យប្រតិបត្តិករទេសចរណ៍កម្ពុជាអាចចូលទៅកាន់ប្រទេសជប៉ុនឡើងវិញ ដោយប្រជាជនកម្ពុជាទទួលបានការចាក់វ៉ាក់សាំងពេញលេញរួចរាល់ អាចធ្វើដំណើរទៅកាន់ក្រៅប្រទេសបានប្រកបដោយសុវត្ថិភាព៕

Advertisement
Advertisement