Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ទំហំសេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប មានចំណែកប្រមាណ ៦៥ ភាគរយនៃសេដ្ឋកិច្ចសកល

ថ្លែងក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ ក្រោមមូលបទ “ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយមនិងបដិវត្តន៍ឧស្សាហកម្មទី ៤” ព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សម្តែង នូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម លោកជំទាវ ធុរជន និងវិនិយោគិនទាំងអស់នៃបណ្តាប្រទេសអាស៊ី-អ៊ឺរ៉ុប ដែលបានចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី ១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏សំខាន់នេះ។

សម្តេចតេជោបានបញ្ជាក់ថា វេទិកានេះមានភាពចាំបាច់ សម្រាប់វិនិយោគិនធ្វើការកំណត់ និងស្វែងរកឱកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ និងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជន ជាពិសេសការផ្លាស់ប្ដូរយោបល់ លើមូលបទ ដ៏មានសារៈសំខាន់ គឺ “ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និង បដិវត្តន៍ឧស្សាហកម្មទី ៤” សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគ និងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច នៅក្នុងគន្លងប្រក្រតីភាពថ្មី ។

សម្តេចតេជោបានឱ្យដឹងថា យើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការអាស៊ី-អ៊ឺរ៉ុប បានចូលរួមយ៉ាងសំខាន់ក្នុងការ ពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍន៍រួម។ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការនេះ នៅមាន សក្ដានុពលជាច្រើនទៀត ដែលយើងត្រូវចាប់យក ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប ។ ជាក់ស្ដែង ទំហំសេដ្ឋកិច្ច អាស៊ី-អ៊ឺរ៉ុប មានចំណែកប្រមាណ ៦៥ ភាគរយនៃសេដ្ឋកិច្ចសកល ខណៈដែលទំហំពាណិជ្ជកម្ម មានប្រមាណជា ៥៥ ភាគរយនៃ ពាណិជ្ជកម្មសកល ។ ជាទិសដៅទៅមុខ ខណៈដែលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានរំពឹងថា នឹងស្រាកស្រាន្ដនាពេលដ៏ឆាប់ខាងមុខ ការជំរុញប្រក្រតីភាពនៃរំហូរពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគឱ្យស្របទៅនឹងការផ្លាស់ប្តូរថ្មីជាសកល គឺជាការងារសំខាន់ និងបន្ទាន់ ដើម្បីស្តារ និងជំរុញការអភិវឌ្ឍន៍វិស័យសង្គម-សេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប ឡើងវិញ ។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា ជាមួយនឹងការគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ រាជរដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំងបាន ក្នុងអត្រាជាង ៨៨% នៃចំនួនប្រជាជនក្នុងប្រទេសសរុប ១៦ លាននាក់ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរៀបចំ និងដាក់ឱ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគ បរទេសបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អប្រព័ន្ធដឹកជញ្ជូន ទាំងផ្នែកទន់និងរឹង ការលើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស ការរៀបចំប្រព័ន្ធ-បច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ក្នុងនោះ រួមមាន (១). កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) (២). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង(៣). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាន នាពេលឆាប់ៗខាងមុខនេះ ។ ជារួម ការវិវត្តន៍ជាវិជ្ជមានទាំងនេះ បាននិងកំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្ដានុពល នៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញកាន់តែធំ ប្រកបដោយភាពប្រកួតប្រជែងសម្រាប់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន ជាពិសេស ពីតំបន់អឺរ៉ុប៕

Advertisement
Advertisement