Connect with us

Hi, what are you looking for?

អន្តរជាតិ

តុលាការភូមាកាត់ទោស​លោកស្រី អ៊ុងសាន ស៊ូជី ឲ្យ​ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ

តុលាការនៅក្នុងសហភាពមីយ៉ាន់ម៉ា បានកាត់ទោសមេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញពីតំណែង លោកស្រី អ៊ុង សានស៊ូជី ឲ្យជាប់ពន្ធនាគារ៤ឆ្នាំ លើបទចោទប្រកាន់ ការញុះញង់ និងបំពានវិធានការវីរុស Covid-19។

អ្នកនាំពាក្យ​របប​យោធា​លោក សា​វ មីន ទុន បាន​ប្រាប់ AFP​តាម​ទូរស័ព្ទ​ថា នៅ​ថ្ងៃ​ចន្ទ​នេះ​លោកស្រី​ស៊ូ​ជី​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ពី​បទ​ញុះញង់​ប្រឆាំង​នឹង​យោធា​និង​ពីរ​ឆ្នាំ​​ទៀត​ពី​បទ​បំពាន​ច្បាប់​ទាក់ទង​នឹង​កូវី​ដ​។​

​លោក​បាន​និយាយថា អតីត​ប្រធានាធិបតី​វីន មីន​ក៏​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ​ផង​ដែរ​ពី​បទ​ចោទប្រកាន់​ដូចគ្នា ប៉ុន្តែ​លោក​បាន​បន្ថែមថា​ពួកគាត់​មិន​ទាន់​ត្រូវបាន​នាំ​ខ្លួន​​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​នៅឡើយ​ទេ​។​

​លោក​បាន​បន្ថែមថា “​ពួកគាត់​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ផ្សេង​ទៀត​ពី​ទីកន្លែង​ដែល​ពួកគាត់​កំពុង​ស្នាក់នៅ​ឥឡូវនេះ​”​ដោយ​សំដៅ​ទៅលើ​ការឃុំ​ខ្លួន​ពួក​គាត់​នៅក្នុង​រដ្ឋធានី​ណៃ​ពិដោ​ប៉ុន្តែ​មិន​​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​នោះទេ​។​

គួរ​បញ្ជាក់ថា លោកស្រី ស៊ូ​ជី អាយុ ៧៦​ឆ្នាំ ត្រូវបាន​ឃុំខ្លួន​ចាប់តាំងពី​ពួក​មេទ័ព​បាន​ទម្លាក់​រដ្ឋាភិបាល​លោកស្រី​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ​ដោយ​បញ្ចប់​លទ្ធិប្រជាធិបតេយ្យ​មួយ​ដង្ហើមចង្រិត​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​​មួយ​នេះ​។ ​ចាប់តាំងពី​ពេលនោះ​មក លោកស្រី​ត្រូវបាន​រង​ការចោទប្រកាន់​ជា​បន្តបន្ទាប់ រួម​ទាំង​ការរំលោភ​លើ​ច្បាប់​ស្តីពី​សម្ងាត់​ជាតិ អំពើពុករលួយ និង​ការ​ក្លែងបន្លំ​ការបោះឆ្នោត​ហើយ​លោក​ស្រី​​ប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធនាគារ​រាប់​ទសវត្សរ៍ ប្រសិនបើ​ត្រូវបាន​ផ្តន្ទាទោស​លើ​គ្រប់​ករណី​ទាំងអស់​៕

Advertisement
Advertisement