Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

World Bank ៖ ផលិតផលសរុបក្នុងស្រុករបស់កម្ពុជានឹងមានកំណើនត្រឹមតែ ២,២ ភាគរយនៅឆ្នាំនេះ

ភ្នំពេញ – ធនាគារពិភពលោក (World Bank) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ជាថ្មីថា ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) របស់កម្ពុជាត្រូវបានព្យាករថានឹងមានកំណើនត្រឹមតែ ២,២ភាគរយ ប៉ុណ្ណោះនៅក្នុងឆ្នាំនេះ ដោយសារវិស័យសេវាកម្ម រួមមានវិស័យទេសចរណ៍, និងវិស័យសំណង់ និងអចលនទ្រព្យ នៅមានកំណើនយឺត។

ទន្ទឹមគ្នានេះ វិស័យជាប្រពៃណីក្នុងការជំរុញកំណើន ជាពិសេសឧស្សាហកម្មកាត់ដេរ, ទំនិញធ្វើដំណើរ និងស្បែកជើង និងឧស្សាហកម្មផលិតកង់ រួមទាំងវិស័យកសិកម្មផង នៅតែបន្តដើរតួក្នុងការទ្រទ្រង់ដល់ការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩។ ទាំងនេះជាបច្ចុប្បន្នភាពចុងក្រោយនៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាដែលធនាគារពិភពលោកបានធ្វើឡើង តាមរយៈរបាយការណ៍ថ្មីមួយក្រោមចំណងជើងថា “រស់ជាមួយកូវីដ-១៩” (Living with COVID-19)។

ថ្វីដ្បិតតែការផលិតសម្រាប់ការនាំចេញបានរើបឡើងវិញ ហើយការនាំចេញផលិតផលកសិកម្មមានការកើនឡើងពិតមែនក៏ដោយ ឱនភាពផ្នែកពាណិជ្ជកម្មបានរីកទំហំកាន់តែធំគួរឱ្យកត់សម្គាល់ ដោយសារមានការកើនឡើងនៃការនាំចូលមុខទំនិញមួយចំនួន ជាពិសេសមាស សម្រាប់យកមកធ្វើជាសញ្ជ័យធន (ការសន្សំ)។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ដូច្នេះថា៖ “យើងទាំងអស់គ្នាបានដឹងហើយថា ពេលនេះកម្ពុជាកំពុងតែរស់នៅជាមួយជំងឺកូវីដ-១៩, ប្រជាជនចំនួនច្រើនលើសលប់បានចាក់វ៉ាក់សាំងការពាររួច ហើយរដ្ឋាភិបាលក៏បានចាប់ផ្តើមបើកប្រទេសឱ្យដំណើរការឡើងវិញសឹងតែគ្រប់ផ្នែកហើយដែរ ដោយបន្តអនុវត្តវិធានការការពារសុខភាពដែលមានជាធរមានស្រាប់។ នៅធនាគារពិភពលោក ពេលនេះយើងកំពុងតែរៀបចំធ្វើការពិនិត្យឡើងវិញនូវការបំពេញកិច្ច និងបទពិសោធន៍ (Performance and Learning Review) ដែលនឹងអាចឱ្យយើងពង្រឹងនឹងសម្របភាពជាដៃគូរបស់យើងជាមួយកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត ខណៈដែលប្រទេសនេះកំពុងខិតខំស្តារសេដ្ឋកិច្ចឱ្យកាន់តែមានភាពស្វិតស្វាញ បន្ទាប់ពីរងផលប៉ះពាល់ខ្លាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩។”

តាមការព្យាករទុកសម្រាប់ពេលខាងមុខ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តងើបឡើងវិញបន្ទាប់ពីវិធានការរឹតត្បិតពាក់ព័ន្ធនឹងកូវីដ-១៩ត្រូវបានដកចេញ។ នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងសម្រេចបានកំណើន ៤,៥% ប៉ុន្តែដំណើររើបឡើងវិញនេះនឹងជួបហានិភ័យទៅវិញប្រសិនបើមានការសាយភាពនៃវីរុសនេះជាថ្មីម្តងទៀត។

ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានកម្លាំងស្ទុះងើបឡើងវិញ របាយការណ៍នេះបានផ្តល់អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់នូវផ្នែកសំខាន់ៗមួយចំនួន ក្នុងនោះមានការដាក់ចេញនូវវិធាននិងបទប្បញ្ញត្តិច្បាស់លាស់ស្តីពីការរៀនរស់ជាមួយកូវីដ-១៩ស្របតាម “គន្លងប្រក្រតីភាពថ្មី”, វិធានការផ្នែកបទប្បញ្ញត្តិនិងផ្នែកសារពើពន្ធដែលជួយដល់ការរស់រានឡើងវិញរបស់វិស័យទេសចរណ៍, និងការដាក់ចេញជាបន្ទាន់នូវបទប្បញ្ញត្តិនានាសម្រាប់អនុវត្តច្បាប់និយោគថ្មី។ របាយការណ៍នេះបានបន្ថែមទៀតថា កាលណាការងើបឡើងវិញនៃសេដ្ឋកិច្ចលេចចេញជារូបរាងហើយ កម្ពុជាអាចចាប់ផ្តើមរៀបចំកែសម្រួលលំហសារពើពន្ធរបស់ខ្លួនឡើងវិញ ហើយជាមួយគ្នានោះ បន្តតាមដានមើលលើគុណភាពរបស់ធនធាន និងបង្កើនភាពទុកចិត្តលើប្រព័ន្ធធនាគារឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

របាយការណ៍នេះមានជំពូកពិសេសមួយពិនិត្យទៅលើផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើការរៀនសូត្រ និងការរកចំណូល។ ជំពូកនេះបានឱ្យដឹងថា ការបិទសាលារៀនបាននាំមកនូវការខាតបង់ធំធេងនៅទូទាំងប្រទេស។ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំបង្កើតជម្រើសកម្មវិធីច្រើនយ៉ាងសម្រាប់ការរៀនពីចម្ងាយក៏ពិតមែន ប៉ុន្តែសិស្សមួយចំនួននៅតែមិនអាចប្រើប្រាស់វាបាន ឬ មិនបានប្រើប្រាស់វាសោះតែម្តង។ សិស្សណាដែលរៀនមិនបានជាប់លាប់ ឬដែលបោះបង់ចោលការសិក្សា នឹងមានលទ្ធភាពអាចរកបានចំណូលតិចតួចក្នុងមួយជីវិតរបស់ខ្លួន ខុសពីអ្នកដែលបានរៀនសូត្រគ្រប់គ្រាន់។ ការខាតបង់ការរៀនសូត្រដោយសារតែការបិទសាលារៀនក្នុងអំឡុងពេលមានការរាតត្បាតជំងឺនេះ នឹងបង្កឱ្យមាននូវវិបាកធំធេងផ្នែកសេដ្ឋកិច្ច ដោយវានឹងកាត់បន្ថយប្រាក់ចំណូលរំពឹងទុកប្រចាំឆ្នាំរបស់ក្រុមជនក្រីក្រអស់ចំនួនប្រមាណជា ៧៣៨ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ នេះបើនិយាយក្នុងន័យធៀបអំពីលទ្ធភាពក្នុងការទិញសម្រាប់ពួកគេ។

នៅចំពោះមុខស្ថានភាពបែបនេះ របាយការណ៍បានផ្តល់អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវវិនិយោគបន្ថែមលើធនធានមនុស្ស អមដោយការចាត់វិធានការឱ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់ការឈប់រៀន, ធ្វើការវាយតម្លៃការរៀនសូត្ររបស់សិស្ស និងអនុវត្តបច្ចេកទេសសម្រាប់ស្តារការរៀនឡើងវិញ ដើម្បីជួយឱ្យសិស្សអាចបំពេញបានមកវិញនូវអ្វីដែលគេខាតបង់ដោយសារការបិទសាលាកន្លងមក។

បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ជារបាយការណ៍ចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដែលផ្តល់ព័ត៌មានទាន់សភាពការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលខ្លីនិងមធ្យមរបស់កម្ពុជា៕

Advertisement
Advertisement