Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេដឹកនាំយោធាភូមា ប្រកាសពន្យារពេលឈប់បាញ់គ្នា​រហូត​ដល់ចុងខែឆ្នាំ​២០២២

ណៃពិដោ – ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា កាលពីថ្ងៃទី៧ មករា ឆ្នាំ២០២២ កំឡុង​ដំណើរទស្សនកិច្ច​រយៈពេល​២ថ្ងៃនៅប្រទេស​ភូមា លោក មីន អោង ឡាំង មេដឹកនាំ​យោធាភូមា បានប្រកាសថា ខ្លួន​សម្រេច​ពន្យារពេលបទឈប់បាញ់គ្នា​រហូត​ដល់ចុងឆ្នាំ២០២២ ខណៈបទឈប់បាញ់គ្នា​ដែល​បាន​ចរចាជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិចទាំងអស់នឹង​ផុត​កំណត់​នៅ​ចុង​ខែកុម្ភៈ ឆ្នាំ​២០២២។

ជាមួយ​គ្នា​នេះ លោក មីន អោង ឡាំង មេដឹកនាំយោធាភូមា ក៏​បានអំពាវនាវ​ដល់​គ្រប់ភាគី​ទាំងអស់​ឲ្យ​ទទួល​អនុវត្ត​បទ​ឈប់បាញ់គ្នា ដើម្បី​ផល​ប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន បញ្ឈប់​រាល់អំពើហិង្សា និង​ប្រកាន់​នូវ​ភាពអត់ធ្មត់​ខ្ពស់​បំផុត។

ក្នុងនោះដែរ លោក មីន អោង ឡាំង ក៏​បានប្រកាស​ស្វាគមន៍​ការ​ចូលរួម​របស់ប្រេសិតពិសេស​របស់ប្រធានអាស៊ាន ស្តីពី​មីយ៉ាន់ម៉ា ដើម្បីចូលរួម​ក្នុង​កិច្ច​ពិភាក្សា​អំពី​បទ​ឈប់បាញ់​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច ។

ដើម្បីពង្រឹង​ប្រសិទ្ធភាព​ នៃការ​ផ្តល់ជំនួយ​មនុស្ស​ធម៌​ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេស​ប្រជាជន​ដែលកំពុង​ត្រូវ​ការ​ជំនួយ​បំផុត ថ្នាក់ដឹកនាំទាំងពីរ ក៏​បានគាំទ្រ​ឲ្យ​មានកិច្ច​ប្រជុំ​រវាង​ភាគី​ពាក់ព័ន្ធ រួមមាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ានស្តីពីមីយ៉ាន់ម៉ា អគ្គលេខាធិការ​អាស៊ាន តំណាង​មជ្ឈមណ្ឌល​អាស៊ានដើម្បីសម្របសម្រួល​ជំនួយ​មនុស្ស​ធម៌ និង​គ្រប់គ្រង​គ្រោះមហន្ត​រាយ និង​ក្រុម​ការងារ​ថ្នាក់ជាតិដើម្បី​សម្របសម្រួល​ការ​ផ្តល់ជំនួយ​មនុស្សធម៌​តាមរយៈមជ្ឈមណ្ឌលអាស៊ាន​ដើម្បីសម្របសម្រួល​ជំនួយមនុស្សធម៌ និង​គ្រប់គ្រង​គ្រោះមហន្ត​រាយ សង្គម​កាកបាទក្រហម​មីយ៉ាន់ម៉ា និង​ភ្នាក់ងារ​ជំនាញរបស់អង្គការ​សហប្រជាជាតិដែលពាក់ព័ន្ធ។

ភាគីទាំងពីរ​ក៏បានទទួល​ស្គាល់​នូវ​សារៈសំខាន់យ៉ាងខ្លាំង​ក្នុង​ការ​បង្កើត​ឲ្យ​មាន​យន្ត​ការ និងហេដ្ឋារចនាសម្ព័ន្ធ​សមស្រប ដើម្បីអនុវត្តកម្មវិធី​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ស្រប​ជាមួយ​នឹង​ការ​ផ្តល់ជំនួយ​មនុស្ស​ធម៌​ឲ្យ​មានប្រសិទ្ធ​ភាព​ដល់​ប្រជាជន​ដែល​ត្រូវ​ការ​បំផុត ដោយ​គ្មាន​ការ​រើសអើង ដោយ​ហេតុថា គ្មានអ្វីដែលសំខាន់​ជាង​ការ​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​នោះ​ឡើយ៕

Advertisement
Advertisement