Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលរាជធានីភ្នំពេញលើកទឹកចិត្ត ឲ្យ​មានការរាយការណ៍ពីករណីលួចលាក់ព្យាបាល​ជំងឺកូវីដ១៩

មន្រ្តីសុខាភិបាលបញ្ជូនអ្នកវិជ្ជមានជំងឺកូវីដ១៩ទៅព្យាបាល

ភ្នំពេញ – ក្នុង​សេចក្តីណែនាំ​មួយ​កាលពី​ថ្ងៃពុធ (២ កុម្ភៈ) រដ្ឋបាល​រាជធានីភ្នំពេញ បានលើកទឹកចិត្ត និង​ស្នើ​សុំ​ប្រជាពលរដ្ឋ​ដែលមាន​លណនៅដ្ឋាន​រស់​នៅ​ក្បែរ​ខាងទីតាំង​ផ្ទះ​របស់បុគ្គល ដែលសង្ស័យថា មានអ្នកជំងឺកូវីដ១៩ កំពុង​លួចលាក់​សម្រាក​ព្យាបាល​ដោយ​ខ្លួន​ឯង ដោយ​គ្មាន​ការ​វាយតម្លៃ និង​ការ​អនុញ្ញាតពីមន្រ្តីសុខាភិបាល ឬអាជ្ញាធរ ត្រូវ​រាយការណ៍​ជា​បន្ទាន់​មក​រដ្ឋបាល​រាជធានីភ្នំពេញ ឬអាជ្ញាធរ​មូលដ្ឋាន​ដែលនៅជិតបំផុត ដើម្បី​ឲ្យ​អាជ្ញាធរមូលដ្ឋានចាត់វិធានការបានទាន់ពេលវេលា ចៀសវាង​ការចម្លងជំងឺកូវីដ១៩ ជាពិសេស​មេរោគ​បំប្លែងថ្មី ប្រភេទអូមីក្រុង។

មន្រ្តីសុខាភិបាលបញ្ជូនអ្នកវិជ្ជមានជំងឺកូវីដ១៩ទៅព្យាបាល (រូប៖ PPP)

បើតាម​ការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ បុគ្គលណា​ដែលបានប្រើប្រាស់​តេស្តរសហ័ស​រកអង់ទីហ្សែនកូវីដ១៩ ទទួលបានលទ្ធផល​តេស្តវិជ្ជមានជំងឺកូវីដ១៩ ហើយ​គេចវេស និង​មិន​ព្រម​រាយការណ៍​ជូន​មន្រ្តីសុខាភិបាល ក្រុមគ្រូពេទ្យ ឬអាជ្ញាធរមូលដ្ឋាន បុគ្គលនោះ​នឹង​ត្រូវ​ប្រឈម​នឹងការអនុវត្តនូវពិន័យជាប្រាក់ស្របតាម ប្រការ២ នៃ​ប្រកាស​អន្តរក្រសួងលេខ ១៧៨ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២១ ឬក៏អាចប្រឈមនឹងទោសដាក់ពន្ធនាគារ ស្របតាម​មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពី​វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និង​ជំងឺឆ្លងកាចសាហាវ។

យ៉ាងណាក៏ដោយ បើតាម​សេចក្តីណែនាំរបស់រដ្ឋបាល​រាជធានីភ្នំពេញ បុគ្គល​ដែល​ប្រើប្រាស់​តេស្តរហ័ស​រកអង់ទីហ្សែន​កូវីដ១៩ ទទួលលទ្ធផល​តេស្តវិជ្ជមានជំងឺកូវីដ១៩ សាមីខ្លួន​ត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយ​ឡែក​ពីសមាជិក​គ្រួសារ និង​ត្រូវ​មានកាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់ ក្នុងការ​ជូនដំណឹង​ជា​បន្ទាន់ទៅ​មន្រ្តីសុខាភិបាល ឬអាជ្ញាធរ​មូលដ្ឋាន តាមរយៈទីបញ្ជា​ការ​ស្រាល នៃមូលដ្ឋានខណ្ឌដែលខ្លួន​កំពុង​រស់​នៅ ដើម្បី​ឲ្យ​អាជ្ញាធរមូលដ្ឋាន និង​ក្រុមគ្រូពេទ្យ​ចុះវាយតម្លៃស្ថានភាព​អ្នកជំងឺ និង​ពិនិត្យ​ទីតាំង​ផ្ទះថា តើ​ត្រូវ​អនុញ្ញាតឲ្យ​អ្នក​ជំងឺព្យាបាលនៅផ្ទះ ឬត្រូវបញ្ជូន​ទៅព្យាបាលនៅ​មន្ទីរពេទ្យរដ្ឋ។

ដោយឡែកក្រោយរយៈពេល ៣ថ្ងៃ ក្នុងករណីដែល​ទទួលបានលទ្ធផលតេស្ត PCR ពីមន្ទីរពិសោធន៍​បញ្ជាក់ថា ជា​ប្រភេទអូមីក្រុង នោះអ្នកពាក់ព័ន្ធត្រូវ​ធ្វើ​ចត្តាឡីស័ក និង​ធ្វើតេស្ត PCR នៅ​តាមទីតាំងដែលក្រសួងសុខាភិបាល​បានកំណត់ និង​មិន​ត្រូវចាកចេញពីទីតាំង​ដែ​ល​ខ្លួន​កំពុងស្នាក់នៅ ក្នុងករណី​មិន​ចាំបាច់។

ក្នុងនោះដែរ ចំពោះអ្នកជំងឺកូវីដ១៩ រួមទាំង​មេរោគ​បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលមាន​អាការៈកម្រិតស្រាល គ្មាន​រោគ​សញ្ញា និង​គ្មាន​កត្តា​ប្រឈម ដែលបានទទួល​ការ​អនុញ្ញាតឲ្យព្យាបាល​នៅ​តាមផ្ទះ ត្រូវ​ចុះកិច្ចសន្យានៅចំពោះមុខមន្រ្តីមានសមត្ថកិច្ច​ក្នុងការ​អនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និង​ព្យាបាលអ្នកជំងឺកូវីដ១៩ នៅ​តាមផ្ទះ របស់ក្រសួងសុខាភិបាល ព្រមទាំងយល់ព្រមឲ្យ​អាជ្ញាធរមូលដ្ឋានដាក់ស្លាកសម្គាល់ ហើយ​ក្នុង​ករណីមានបញ្ហា​សុខភាព ត្រូវ​ធ្វើការ​ទំនាក់ទំនង​តាម​គ្រប់មធ្យោបាយជាបន្ទាន់ទៅ​មន្រ្តីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន ដែលនៅ​ជិតបំផុត៕

Advertisement
Advertisement