Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រេសិតពិសេស​របស់ប្រធានអាស៊ាន នឹងផ្តើម​ទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាឆាប់ៗនេះ

លោក ប្រាក់ សុខុន ប្រេសិតពិសេស​របស់ប្រធានអាស៊ាន

ភ្នំពេញ – លោក ប្រាក់ សុខុន ដែលត្រូវ​បានតែងតាំង​ជាប្រេសិតពិសេស​របស់​ប្រធានអាស៊ាន នឹងផ្តើម​ដំណើរទស្សនកិច្ច​ទៅកាន់ប្រទេស​មីយ៉ាន់ម៉ាក្នុងពេលឆាប់ៗនេះ ដើម្បី​ជួបជាមួយគ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅធ្វើឲ្យ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច អាច​បោះជំហានទៅមុខ។ នេះ​បើតាម​សេចក្តីថ្លែង​ការណ៍​របស់ប្រធានអាស៊ានកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០២២។

លោក ប្រាក់ សុខុន ប្រេសិតពិសេស​របស់ប្រធានអាស៊ាន

ក្នុង​សេចក្តីថ្លែង​ការណ៍​នោះ​បាន​បញ្ជាក់ថា អស់រយៈពេល​១ឆ្នាំមកហើយ ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​តែ​មានក្តី​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការ​វិវត្តនានា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា រួមទាំង​របាយការណ៍ នៃការ​បន្ត​កើត​មាន​នូវ​អំពើ​ហិង្សា និង​ការ​ធ្លាក់ចុះ នៃស្ថានភាពមនុស្សធម៌។

ក្នុងនោះដែរ ប្រទេស​ជាសមាជិកអាស៊ាន ក៏​ស្នើ​ឲ្យ​បញ្ចប់​អំពើហិង្សាជា​បន្ទាន់ និង​សម្រាប់​គ្រប់ភាគីទាំងអស់​ក្នុង​ការ​ប្រកាន់​យក​ភាពអត់ធ្មត់ឲ្យ​ខ្ពស់​បំផុត ក៏ដូចជាការធានាបាន​នូវ​ការ​ចែកចាយ​ជំនួយ​មនុស្ស​ធម៌​ប្រកបដោយសុវត្ថិភាព និង​ទាន់ពេលវេលា​ទៅ​ដល់​ប្រជាជនដែល​ត្រូវ​ការ​ជំនួយ​បំផុត ដោយ​ឈរលើមូលដ្ឋាន នៃគោល​ការណ៍​មនុស្សធម៌ អព្យាក្រឹតភាព ភាពមិនលំអៀង និង​ឯករាជ្យ។

ជាមួយ​គ្នានេះ ប្រទេស​ជាសមាជិក​អាស៊ានក៏​បានអះអាងជាថ្មី​នូវ​ការ​ប្តេជ្ញាចិត្តរបស់ខ្លួន និង​ការ​ត្រៀម​លក្ខណៈរួចរាល់​ដើម្បីជួយ​ដល់​មីយ៉ាន់ម៉ា ស្របតាមឆន្ទៈ នៃប្រជាជន​មីយ៉ាន់ម៉ា ដោយ​ឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងជា​ឯកច្ឆន្ទប្រាំចមណុច និង​ធម្មនុញ្ញអាស៊ាន ជាមួយ​ការយល់ឃើញថា សន្តិភាព និង​ការ​បង្រួបបង្រួមជាតិយូរអង្វែងអាចសម្រេច​បាន លុះ​ត្រាណាដំណោះស្រាយនយោបាយនោះប្រកបដោយបរិយាប័ន្ន ជាដំណោះស្រាយ​ដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ និង​ដឹកនាំ និង​ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕

Advertisement
Advertisement