Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលរាជធានីភ្នំពេញ​ព្រមានអនុវត្តវិធានការច្បាប់ចំពោះក្រុម​បាតុករណាហ្គាវើលដ៍ ដែលមិន​ធ្វើសំណាករកកូវីដ១៩

ភ្នំពេញ – រដ្ឋបាលរាជធានីភ្នំពេញកាលពី​រសៀល​ថ្ងៃទី៤ ខែកុម្ភៈ បានព្រមានអនុវត្ត​វិធានការ​ច្បាប់ ចំពោះ​ក្រុមបាតុករ​ណាហ្គាវើលដ៍​ដែល​មិន​ព្រម​ធ្វើសំណាករកវីរុស​កូវីដ១៩ និង​នៅ​តែ​ប្រមូលផ្តុំ​គ្នា ក្រោយ​ពី​មានការ​កឃើញ​វីរុស​កូវីដ១៩​ប្រភេទ​អូមីក្រុង​ជា​បន្ត​បន្ទាប់ទៅ​លើបាតុករ​ដែល​ចូលរួម​ក្នុង​បាតុកម្ម​នោះ។

បើតាម​រដ្ឋបាល​រាជធានីភ្នំពេញ គេបានរកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ១៩ ប្រភេទ​អូមីក្រុង​លើ​បាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជា​ស្រ្តីមានផ្ទៃ​ពោះម្នាក់ ហើយបានណែនាំ​ឲ្យ​បាតុករទាំងអស់​ទៅ​យកសំណាក​នៅ​ទីតាំង​ដែល​បានកំណត់​ស្ថិត​នៅ​កោះពេជ្រ​ក្នុងរយៈពេល ៣ថ្ងៃ ប៉ុន្តែតំណាងក្រុមកម្មករបានសំណូមពរ​ឲ្យ​ក្រុម​គ្រូពេទ្យ​​មក​យក​សំណាក​នៅ​ទីតាំង​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ជាក់ស្តែង តែនៅពេល​ក្រុមគ្រូពេទ្យ​ទៅដល់ ក្រុមបាតុករ​នៅ​តែរឹងរូស មានៈ មិន​ព្រមសហការឲ្យ​យក​សំណាកទៀត។

លើសពីនេះទៅទៀត កាលពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រសួងសុខាភិបាល​បានរកឃើញ​ករណី​វិជ្ជមាន​កូវីដ១៩ ប្រភេទ​អូមីក្រុង លើបាតុករជាបន្តបន្ទាប់បន្ថែមទៀត។

ដូច្នេះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ឬ​ប្រភេទ​ផ្សេងទៀត​ចូលទៅ​ក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយធំ តាមរយៈ​ការ​ប្រមូលផ្តុំធ្វើ​បាតុកម្ម​នេះ រដ្ឋបាលរាជធានីភ្នំពេញ​បានស្នើ​ឲ្យ​បញ្ឈប់ជាបន្ទាន់​នូវ​ការ​ប្រមូលផ្តុំធ្វើបាតុកម្ម ហើយត្រូវបន្ត​អនុវត្ត​តាមវិធានការ​សុខាភិបាល រហូត​ដល់ធានាបានថា លែង​មានការឆ្លង​ជំងឺ​កូវីដ១៩ចូល​ទៅ​ក្នុង​ចំណោមបាតុករ និង​ក្រុមគ្រួសារ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុង​ករណី​ដែល​បាតុករ​នៅ​តែចរចេស រឹងរូស បន្ត​ប្រមូលផ្តុំ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការឆ្លង​រាលដាលជំងឺកូវីដ១៩​ចូល​ក្នុង​សហគមន៍នោះ ពួក​គេ​នឹង​ទទួល​ទោស​តាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃជំងឺកូវីដ១៩ និង​ជំងឺឆ្លង​កាចសាហាវ ដោយ​ក្នុង​នោះ​មាន​ការ​ផាកពិន័យ នងិ​ទោស​ដាក់ពន្ធនាគារ ដោយ​គ្មាន​ការ​លើក​លែងឡើយ៕

Advertisement
Advertisement