Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរ​ និង​ក្រសួងសុខាភិបាល បារម្ភ​ចំពោះ​ការឆ្លង​រាលដាលជំងឺកូវីដ១៩ នៅថ្ងៃទិវានៃក្តីស្រឡាញ់

អាជ្ញាធរបារម្ភការរីករាលដាលជំងឺកូវីដ១៩ នៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់

ភ្នំពេញ – ក្រសួងសុខាភិបាល ក៏​ដូចជា​រដ្ឋាភិបាលរាជធានីភ្នំពេញ បានសម្តែង​ការ​ព្រួយ​បារម្ភ​ដូចគ្នា ចំពោះការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ពិសេស​ប្រភេទ​អូមីក្រុង នៅក្នុង​ឱកាស នៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ។

អាជ្ញាធរបារម្ភការរីករាលដាលជំងឺកូវីដ១៩ នៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់

លោកជំទាវ ឱ វណ្ណឌីន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏​បាន​មានប្រសាសន៍ដែរថា ថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ គឺមិន​មែនជា​ទំនៀមទម្លាប់របស់ខ្មែរ​យើង​នោះទេ ។ តែបើតាមការ​សង្កេត​ មានប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូចជា​យុវវ័យ​របស់យើងមួយ​ចំនួនបានយកថ្ងៃនេះធ្វើជាការជួបជុំគ្នា ពិសារអាហារជាមួយ​គ្នា​ដើម្បីបង្ហាញពីក្តីស្រឡាញ់របស់ខ្លួនជូនទៅដល់បុគ្គលណាម្នាក់ ឬច្រើននាក់ដែលខ្លួនស្រឡាញ់។

នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ ជាពិេសសអូមីក្រុង លោកជំទាវបានធ្វើការអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាយុវវ័យទាំងអស់ សូមកុំភ្លេចខ្លួនឱ្យ​សោះថា អូមីក្រុង​កំពុងតែចរាចរណ៍​យ៉ាងសកម្មនៅក្នុងសហគមន៍​របស់យើងហើយ ហើយ​យើងទាំងអស់គ្នា​ក៏​មិន​ត្រូវព្រងើយកន្តើយ មិនអើពើនឹងការចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺដ៏កាចសាហាវនេះដែរ។

បើតាម​លោកជំទាវ យើង​ត្រូវ​បង្កើន​នូវ​សកម្មភាព៣ការពារ ពាក់ម៉ាស់ លាងដៃ គម្លាតសុវត្ថិភាពបុគ្គល ៣កុំ កុំទៅកន្លែងដែលមានមនុស្សច្រើន កុំទៅកន្លែងដែលបិទជិត កុំចាប់ដៃគ្នា ឬកៀកគ្នា។

លោកជំទាវ ឱ វណ្ណឌីន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល

ជាមួយគ្នានេះ លោកជំទាវ​វេជ្ជបណ្ឌិត​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ យកថ្ងៃទី១៤ កុម្ភៈនេះ ជាថ្ងៃត្រូវនាំគ្នា​ទៅចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩។

ក្នុងនោះដែរ ដើម្បីទប់ស្កាត់ការឆ្លង​រាលាដាល នៃជំងឺកូវីដ១៩ និងទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតីក្នុងទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈ នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីណែនាំ ដោយ​ហាមធ្វើ​សកម្មភាពជួបជុំ​ប្រមូលផ្តុំ​ក្នុង​ចំណោម​សិស្ស-និស្សិត និង​យុវជន-យុវនារី​តាមគ្រប់រូបភាព នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​គ្រឹះស្ថានសិក្សា​ឯកជន ព្រមទាំង​ទីតាំង​សាធារណៈនានា​ក្នុង​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ ដែលអាច​បង្ក​ហានិភ័យ​ខ្ពស់ នៃការឆ្លង​រាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» ចូល​ក្នុងសហគមន៍ជាទ្រង់ទ្រាយធំ។

ជាមួយគ្នានេះ គណៈគ្រប់គ្រងគ្រឹះស្ថាន​សិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលទាំងអស់ ត្រូវខិតខំធ្វើការអប់រំ ណែនាំដល់សិស្ស-និស្សិត និងបុត្រធីតាគ្រប់រូប ឱ្យ​គោរព​នូវទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់​របស់ជាតិខ្មែរ ដើម្បី​កុំឱ្យពួកគេ​មានការយល់ច្រឡំថា «ទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ» ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបរវាងគូសង្សារ និង​ដើម្បី​ចៀសវាង​ការ​ប្រព្រឹត្ត​សកម្មភាពខុសសិលធម៌ផ្សេងៗ ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ របស់ខ្លួនឯង គ្រួសារ-សាច់ញាតិ និង​សង្គមជាតិទាំងមូល៕

Advertisement
Advertisement