Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចុងសប្ដាហ៍ទី១ខែមីនា កម្ពុជាទទួលបានភ្ញៀវជិត២០ម៉ឺននាក់

(ភ្នំពេញ) ៖ ចុងសប្តាហ៍ទី១ នៃខែមីនានេះ ពោល​គឺថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរណ៍​ដើរ​កម្សាន្ត​ មានសន្ទុះវិជ្ជមានឡើងវិញបន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា ដោយភ្ញៀវសរុបមានចំនួន១៩៩,៤២៩នាក់ ក្នុងនោះភ្ញៀវជាតិ១៨៨,៣៣៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,០៩១នាក់។

បើតាម​របាយការណ៍​របស់ក្រសួងទេសចរណ៍គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៤០,០១២នាក់, រាជធានីភ្នំពេញ ២៤,១០១នាក់, ខេត្តពោធិ៍សាត់ ២៣,៥១៨នាក់, ខេត្តបាត់ដំបង ២០,៥៩០នាក់, ខេត្តកំពត ១៩,៣៦១នាក់, ខេត្តសៀមរាប ១៨,៦០៩នាក់, ខេត្តកែប ៦.៣១៦នាក់, ខេត្តកំពង់ស្ពឺ ៥,៨៧៧នាក់ និង ខេត្តមណ្ឌលគិរី ៥,០៣១នាក់។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​បានអះអាងថា ចរន្តភ្ញៀវទេសចរក្នុងសប្តាហ៍នេះ មានសន្ទុះវិជ្ជមានឡើងវិញបន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ២០.៨៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។

ជាមួយអត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលមានលក្ខណៈថមថយខ្លះធៀបនឹងសប្តាហ៍កន្លងមក ភ្ញៀវទេសចរបានចាប់ផ្តើមដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍តាមខេត្តឡើងវិញជាបណ្តើរៗ ប៉ុន្តែតាមការសង្កេតជាក់ស្តែង ចរន្តភ្ញៀវពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត ក៏នៅមិនទាន់មានចំនួនច្រើននៅឡើយធៀបនឹងរយៈពេលមុនមានការកំរើកឡើងនៃវីរុសប្រភេទអូមីក្រុង។ បើសិនជានិន្នាការនៃការរីករាលដាលនៃ អូមីក្រុង បន្តថមថយចុះ ចរន្តភ្ញៀវទេសចរផ្ទៃក្នុង នឹងមានភាពផុសផុលត្រលប់មកវិញ ពិសេសអាចវិលទៅរកស្ថានភាពមុនការកម្រើកនៃប្រភេទអូមីក្រុងនេះ ដូចកាលពីកំឡុងចុងខែមករា និងដើមខែកុម្ភៈកន្លងមក៕

Advertisement
Advertisement