Connect with us

Hi, what are you looking for?

ក្នុងស្រុក

គ.ជ.ប លុបបញ្ជីបេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅ​សង្កាត់ទួលស្វាយព្រៃទី១

ភ្នំពេញ – ក្រុមប្រឹក្សា​ជំនុំជម្រះ ​នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (​គ​.​ជ​.​ប​.) កាលពីថ្ងៃអង្គារម្សិលមិញ ​បានសម្រេច​​​លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​និង​ឱ្យ​គណៈកម្មការ រៀបចំ​ការបោះឆ្នោត​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​បដិសេធ​និង​លុប​បញ្ជី​បេក្ខជន​នៃ​គណបក្ស​ភ្លើងទៀន​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ព្រមទាំង​ដកហូត និង​បដិសេធ​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ និងសេចក្ដីសម្រេច​រប​ស់ គឃ​.​សប (​ទម្រង់​បែបបទ ១០០៨) នៃ​គណបក្ស​ភ្លើងទៀន សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

ការសម្រេចនេះ ធ្វើ​ឡើង​ក្រោយ​ពី គ.ជ.ប. បាន​បើក​សវនាការដោះស្រាយ​ពាក្យបណ្តឹង​លេខ​០៥១ ដែល​ប្រជាពលរដ្ឋ​ប្តឹង​បដិសេធ​បញ្ជី​បេក្ខជន​នៃ​គណបក្ស​ភ្លើងទៀន​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

​ប្រភព គ​.​ជ​.​ប​. បាន​ឲ្យ​ដឹងថា ដើមបណ្តឹង​ឈ្មោះ ម៉ៅ មុន្នី ភេទ​ប្រុស កើត​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​១៩៨៤ ជា​ប្រជាពលរដ្ឋ មាន​ទីលំនៅ ផ្ទះ​លេខ​២២​អឺ​០​អឺ​១ ផ្លូវ​លេខ​៣៧៤ ភូមិ​៥ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ បឹង​កេងកង រាជធានី​ភ្នំពេញ បាន​ឆ្លើយ​នៅក្នុង​អង្គ​សវនាការ​ថា ឈ្មោះ​បេក្ខជន​បួនរូប​ក្នុង​បញ្ជី​បេក្ខជន​នៃ​គណបក្ស​ភ្លើងទៀន​នៅ​សង្កាត់​ទួល​ស្វាយ ព្រៃ​ទី​១ គឺ​ពួកគាត់​មិនបាន​សរសេរ និង ផ្តិតមេដៃ ឬ​ចុះហត្ថលេខា​លើ​ជីវប្រវត្តិ​សង្ខេប​និង​សេចក្តីប្រកាស​យល់ព្រម​ឈរ ឈ្មោះ​ជា​បេក្ខជន​នៃ​គណបក្ស​ភ្លើងទៀន​ទេ​។​

​តាម​ការឆ្លើយបំភ្លឺ​រប​ស់លោក យ៉ែម សារ៉ាក់ តំណាង​គណបក្ស​ភ្លើងទៀន នាពេល​សវនាការ បាន​ទទួលស្គាល់ថា បេក្ខជន​ទាំង​បួនរូប​ខាងលើ​ពិតជា​មិនបាន​បំពេញ​ឯកសារ​ដូច​ការលើកឡើង​របស់​ដើមចោទ​ប្រាកដ​មែនហើយ​លោក ក៏​ទទួលស្គាល់​របាយការណ៍​ស្តីពី​ការចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​របស់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​គ​.​ជ​.​ប​.​ដែល​បានបញ្ជាក់ ចម្លើយ​របស់លោក សួន វ​ណ្ណី អនុប្រធាន​ទី​២ ក្រុមការងារ​គណបក្ស​ភ្លើងទៀន​នៅ​ខណ្ឌ​បឹង​កេងកង​ថា​បេក្ខជន​ឈរឈ្មោះ របស់​គណបក្ស​ភ្លើងទៀន​មួយចំនួន​មិនបាន​បំពេញ​និង​ចុះហត្ថលេខា​លើ​ជីវប្រវត្តិ​សង្ខេប​និង​សេចក្តីប្រកាស​យល់ព្រម​ឈរឈ្មោះ​ជា​បេក្ខជន​ដោយផ្ទាល់​នោះទេ គឺ​ក្រុមការងារ​របស់​គណបក្ស​ភ្លើងទៀន​ជា​អ្នក​បំពេញ និង​ចុះហត្ថលេខា​ជំនួស​។

បន្ទាប់ពី​បាន​ពិនិត្យ​និង​ពិចារណា​គ្រប់​អង្គហេតុ និង​អង្គច្បាប់​រួចមក ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ គ​.​ជ​.​ប​. យល់ឃើញថា ផ្អែក​តាម​មាត្រា ៤២ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ចំណុច ៦.៦.៣.៥ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ជីវប្រវត្តិ​សង្ខេប​និង​សេចក្ដី ប្រកាស​យល់ព្រម​ឈរឈ្មោះ​របស់​បេក្ខជន​ត្រូវបំពេញ​ផ្ទាល់ដៃ​របស់​បេក្ខជន​ម្នាក់ៗ ។​

​ដោយ​យល់ឃើញថា​គណបក្ស​ភ្លើងទៀន​បាន​អនុវត្ត​ខុស​ពីបទ​ប្បញ្ញត្តិ​ដូច​មានចែង​ក្នុង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​គ​.​ជ​.​ប​.​បានសម្រេច​យល់ព្រម​តាម​ពាក្យបណ្ដឹង​ដោយ​លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​៕

Advertisement
Advertisement