Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

រដ្ឋមន្រ្ដីទេសចរណ៍សង្ឃឹមថា ភ្ញៀវទេសចរនឹងដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ទោះបីជាសាំងឡើងថ្លៃក្តី

(ភ្នំពេញ) ៖ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ លោក ថោង ខុន បានបង្ហាញនូវការរំពឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេចរដើរកម្សាន្តច្រើន ទោះបីជាតម្លៃសាំងឡើងថ្លៃក្ដី។

បើតាម​ប្រសាសន៍​របស់​លោក ថោង ខុន នៅ​ក្នុង​សន្និសីទសារព័ត៌មាន​កាលពីថ្ងៃពុធ បានឲ្យដឹងថា ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៅតែមាន ជាក់ស្ដែងបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ក្នុងខេត្តធំៗមាន សៀមរាប, ព្រះសីហនុ និងតំបន់ឆ្នេរ គិតត្រឹមពេលនេះ មានការកក់ស្នាក់នៅជាបន្ដបន្ទាប់។

លោករំពឹងថា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ នឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើន ទោះបីជាសាំងឡើងថ្លៃក៏ដោយ ហើយថា ប្រជាពលរដ្ឋនឹងសន្សំសំចៃ ដោយប្ដូរឥរិយាបទ ក្នុងការប្រើប្រាស់រថយន្ដដើរកម្សាន្តជាក្រុម ដើម្បីកាត់បន្ថយថ្លៃធ្វើដំណើរ។

ក្នុងនោះក្រសួងក៏មានការណែនាំស្ដីពី ការត្រៀមរៀបចំទទួលភ្ញៀវទេសចណ៍ជាតិ និងអន្ដរជាតិ ដោយនឹងរៀបចំកន្លែងកម្សាន្តជូនបងប្អូនឲ្យបានល្អ មានសុវត្ថិភាព, អនាម័យ, គុណភាព, សេវាកម្មឲ្យបានល្អ និងពិសេសបំផុតគឺធ្វើយ៉ាងណា ដើម្បីកុំឲ្យមានការឡើងថ្លៃលើផ្នែកសេវាកម្ម និងម្ហូបអាហារ។

តាមរបាយការណ៍ស្ថិតិទេសចរត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុបចំនួន ១៥១.៦៨០នាក់កើនឡើង១១៤ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី១ឆ្នាំ២០២១។ ក្នុងនោះតាមផ្លូវអាកាសមានចំនួន៨៦.៥៨៨នាក់កើនឡើង១៥៨.២ភាគរយ,ផ្លូវគោកមានចំនួន៦៣.០៤៨នាក់ កើនឡើង៦៨.៧ភាគរយ និងផ្លូវទឹកមាន២.០៤៤នាក់៕

Advertisement
Advertisement