Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

សម្តេចតេជោ ពិចារណាឲ្យក្រសួងសេដ្ឋកិច្ច រៀបចំស្តុកយុទ្ធសាស្ត្រប្រេងបន្ថែមទៀត ដើម្បីបង្ការហានិភ័យនាពេលខាងមុខ

ភ្នំពេញ – ថ្លែង​ក្នុងពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពានអាកាស និងផ្លូវក្រោមដី​ចោមចៅ​នៅព្រឹក​ថ្ងៃទី៣១ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបពីគម្រោងចង់ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំស្តុកប្រេងឥន្ធនៈយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីការពារហានិភ័យ ដែលអាចកើតឡើងនាពេលខាងមុខ ពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើតម្លៃប្រេងឥន្ធនៈឡើងថ្លៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា លើសមរភូមិកូវីដ-១៩បញ្ហាយើងដោះស្រាយបានច្រើន។ តម្រូវការជាច្រើនយើងអាចដោះស្រាយបាន និងរកបានដូចជា អាកុល ម៉ាស់ ជេលលាងដៃ សាប៊ូ និងវ៉ាក់សាំង រួមទាំងបរិក្ខាសុខាភិបាលមួយចំនួនទៀត។ ប៉ុន្តែបញ្ហាមួយថ្មីដែលយើងកំពុងប្រឈមគឺពិបាកនឹងដោះស្រាយណាស់។

បច្ចុប្បន្នកម្ពុជាពឹងផ្អែកស្តុកប្រេងយុទ្ធសាស្ត្រ តែលើក្រុមហ៊ុននាំចូលប្រេងឯកជនប៉ុណ្ណោះ ដូច្នេះដើម្បីការពារបញ្ហាណាមួយ ដែលកើតឡើងនាពេលខាងមុខ រាជរដ្ឋាភិបាលត្រូវបង្កើនស្តុកប្រេងបន្ថែម។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចកំពុងពិចារណាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំស្តុកយុទ្ធសាស្ត្របន្ថែមទៀតទៅលើបញ្ហាប្រេង ដោយណែនាំអោយក្រុមហ៊ុនឯកជន ត្រូវបង្កើននូវការស្តុកទុកនូវប្រេងឥន្ធនៈ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានបើកប្រតិបត្តិការយោធាឈ្លានពានចូលប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាងមួយខែមកហើយ ។ ការឈ្លានពាននេះ បាននាំឱ្យមានបញ្ហាជនភៀសខ្លួនអ៊ុយក្រែនទៅប្រទេសផ្សេងទៀតរាប់លាននាក់ និងថែមទាំងមានផលប៉ះពាល់ជាអវិជ្ជមានយ៉ាងច្រើនដល់ពិភពលោកទាំងមូល ជាពិសេសបញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃជាដើម៕

Advertisement
Advertisement