Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលករខ្មែរសម្រុក​ចូលប្រទេសវិញ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី

បន្ទាយមានជ័យ – ខណៈនៅប៉ុន្មានថ្ងៃមុនពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ ជិតចូលមកដល់នេះ គេសង្កេតឃើញថា មានពលករកម្ពុជា​ដែលធ្វើការ​នៅប្រទេសថៃរាប់រយនាក់ បានកំពុងសម្រុក​ត្រឡប់​ចូល​មក​ប្រទេស​វិញតាមច្រកព្រំដែននានា។

បើតាមការបញ្ជាក់របស់ លោក សេក សុខុម អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យថា ជិតកៀកថ្ងៃបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ គឺមានពលករខ្មែរមកពីថៃចូលមកកម្ពុជាច្រើនជាងមុន បើធៀបនឹងថ្ងៃកៀកចូលឆ្នាំខ្មែរឆ្នាំ២០២១កន្លងទៅនេះ។ លោកថា ជាមធ្យមបើថ្ងៃធម្មតាមានពលករប្រមាណ១០០ទៅ២០០នាក់បានវិលត្រឡប់ចូលកម្ពុជា តែជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះគឺមានពលករចន្លោះពី២០០ ទៅ៣០០នាក់បានវិលត្រឡប់មកកម្ពុជាតាមច្រកព្រំដែនចំនួន៣ គឺច្រក​អូរ​៣ជាន់ ច្រក​បឹង​ត្រកួន និង​ច្រក​ម៉ាឡៃ។ ​

អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យរូបនេះ ក៏​បាន​បញ្ជាក់ដែរថា កំណើនពលករខ្មែរដែលវិលមកមាតុភូមិនៅកៀកថ្ងៃបុណ្យចូលឆ្នាំខ្មែនេះ ក៏ដោយសារតែកន្លងមកភាគីថៃ និងកម្ពុជាបានបន្ធូរបន្ថយនៃលក្ខខណ្ឌក្នុងការធ្វើចត្តាឡីស័ក និងការធ្វើតេស្តផងដែរ។ បើតាមលោក សេក សុខុម បច្ចុប្បន្នភាគីថៃ និងកម្ពុជាបានព្រមព្រៀងគ្នាឱ្យមានការដឹកទំនិញ អនុញ្ញាតឱ្យអាជីវករលក់ដូរនៅផ្សារថៃចេញចូល និងពលករនៅជាប់ព្រំដែនប៉ោយប៉ែត និងព្រំដែនស្រះកែវនៃប្រទេសថៃប៉ុណ្ណោះដែលអាចឆ្លងដែនគ្នាបាន តែមិនបើកជំហរឱ្យទូលំទូលាយទេ៕

Advertisement
Advertisement