Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងបរិស្ថានគ្រោងស្នើសុំដាក់បញ្ចូលដែនជម្រកសត្វព្រៃភ្នំណាមលៀរក្នុងបញ្ជីសួនភូគព្ភសាស្ត្រនៃអង្គការ UNESCO

ភ្នំពេញ – ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន សហការជាមួយអ្នកជំនាញផ្នែកសេដ្ឋកិច្ចសង្គម អ្នកជំនាញផ្នែកសត្វ និងរុក្ខជាតិ និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រោមការគាំទ្រពីគម្រោង CAMPAS កំពុងធ្វើការសិក្សាពីសក្ដានុពលនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដើម្បីស្នើសុំដាក់បញ្ចូលក្នុងបញ្ជីសួនភូគព្ភសាស្ត្រ (Geopark) នៃអង្គការ UNESCO។

តាមរយៈការសិក្សាពីសក្តានុពលនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរីនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញសម្បត្តិធនធានធម្មជាតិដូចជាសត្វព្រៃ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ និងទឹកជ្រោះជាច្រើនកន្លែង ។

ក្នុងការសិក្សានេះ ក្រុមជំនាញបានធ្វើការប្រមូលនូវសំណាកសត្វ និងរុក្ខជាតិមួយចំនួនសម្រាប់រក្សាទុក និងបំពេញបន្ថែមសម្រាប់ការកំណត់អត្តសញ្ញាណរបស់ប្រភេទនីមួយៗផងដែរ។ ការសិក្សានេះ នឹងត្រូវបន្តធ្វើរហូតដល់បំណាច់ខែមេសា ឆ្នាំ២០២២។

គេបានធ្វើការបែងចែកជាក្រុមរួមមាន ក្រុមថនិកសត្វធំ ក្រុមប្រចៀវនិងជ្រឹង ក្រុមសត្វស្លាប ក្រុមល្មូននិងថលជលិក ក្រុមសត្វល្អិតក្នុងទឹក ពពួកសប្បីសត្វ (Mollusc) និងក្រុមរុក្ខជាតិ។

លទ្ធផលបឋមបន្ទាប់ពីការសិក្សា គេរកឃើញនូវថនិកសត្វធំចំនួន៧ប្រភេទ ពពួកប្រចៀវ ១៤ប្រភេទ បក្សី ៩៧ប្រភេទ ល្មូន ថលជលិក ៣៨ប្រភេទ សត្វល្អិតក្នុងទឹកបានប្រមូលសំណាកចំនួន ១៨កែវ និង៥៤បំពង់តូចៗ។

ក្នុងចំណោមនោះក៏មានប្រភេទមួយចំនួនស្ថិតនៅក្នុងការសង្ស័យអាចជាប្រភេទថ្មីសម្រាប់ពិភពលោក កំណត់ត្រាថ្មីសម្រាប់ប្រទេសកម្ពុជា និងប្រភេទដែលទើបមានសំណាកដំបូងសម្រាប់ប្រទេសកម្ពុជាផងដែរ។

ដែនជម្រកសត្វព្រៃភ្នំណាមលៀរ គឺជាតំបន់ការពារដែនជម្រកសត្វព្រៃមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ស្ថិតនៅក្នុងខេត្តមណ្ឌលគីរី នៅជិតភូមិ១ ឃុំប៊ូស៊្រា ជិតស្រុកពេជ្រដា ជាប់ព្រំដែនវៀតណាម។ ដែនជម្រកសត្វព្រៃនេះ គ្របដណ្តប់លើផ្ទៃក្រឡា ៥០៩,៥៧ គីឡូម៉ែត្រការ៉េ និងលាតសន្ធឹងលើរយៈកម្ពស់ ៣២០-១០៧០ម៉ែត្រ៕

Advertisement
Advertisement