Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ហ៊ុន សែន រំភើបចិត្តចំពោះការចូលរួមមរណទុក្ខបងប្រុសសម្តេច ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក

តាមរយៈសំណេរក្នុងទំព័រហ្វេសប៊ុកនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែង​នូវក្តីរំភើប ចំពោះការចូលរួមមរណទុក្ខបងប្រុសសម្តេច ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «បងប្រុស បន្ទាប់ពីបងចែកឋាន ដោយមិនបានលា ឬផ្តាំផ្ញើប្រពន្ធកូនចៅ និងបងប្អូនញាតិមិត្តក៏ដោយចុះ តែមរណភាពរបស់បងត្រូវបានព្រះមហាក្សត្រ និងព្រះមាតាជាតិព្រះប្រទានព្រះរាជសាររំលែកទុក្ខ។ ព្រះមហាក្សត្រជាទីសក្ការៈបានប្រោសប្រទានគោរម្យងារជូនបងជាសម្តេចថែមទៀតផង។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ជាន់ថ្នាក់ បានផ្ញើសាររំលែកទុក្ខ និងចូលរួមគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាចូលរួមបុណ្យសពបង។ព្រះសង្ឃ និងប្រជាជន ក៏បង្ហាញសមាណចិត្តអាណិតស្រឡាញ់បង និងក្រុមគ្រួសារ»។

សម្តេចតេជោ បន្តថា៖ «ពេលប្អូនមកកាន់សហរដ្ឋអាម៉េរិកដើម្បីចូលរួមប្រជុំអាស៊ាន-អាម៉េរិក ថ្នាក់ដឹកនាំអាស៊ានចូលរួមមរណទុក្ខជាថ្មីម្ដងទៀត បន្ទាប់ពីបញ្ជូនសារលិខិតរំលែកទុក្ខលើកមុន។ ពេលជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយថ្នាក់ដឹកនាំធុរកិច្ចអាម៉េរិក អ្នកសម្របសម្រួលកម្មវិធីឆ្លៀតសំដែងនូវមរណទុក្ខក្នុងអង្គប្រជុំផ្លូវការ។ លើសពីនេះ អ្វីដែលខ្ញុំភ្ញាក់ផ្អើល និងរំភើបនោះ ប្រធានាធិបតីសហរដ្ឋអាម៉េរិកចូ បៃដិន(Joe Biden)តែម្ដង ដែលនិយាយមកកាន់ខ្ញុំថា សូមចូលរួមមរណទុក្ខចំពោះបងប្រុសរបស់ឯកឧត្តម។ នេះជាពាក្យដែលគាត់និយាយមុនគេ បន្ទាប់ពីគាត់អានសុន្ទរកថាក្នុងនាមប្រធានាធិបតីអាម៉េរិក»។

សម្តេចតេជោ ចាត់ទុក ប្រធានាធិបតីសហរដ្ឋអាម៉េរិកចូ បៃដិន ជាមនុស្សពោរពេញដោយមនោសញ្ចេតនា គួរគោរព ហើយដោយសារ ប្រធានាធិបតីសហរដ្ឋអាម៉េរិកចូ បៃដិន ធ្លាប់បាត់បង់កូន ប្រពន្ធ និងបងប្អូនដែរ ដូច្នេះគាត់យល់ពីអារម្មណ៍សោកសៅរបស់សម្តេចនៅពេលនេះ ហើយបាននិយាយរឿងទាំងនេះ មកកាន់សម្តេច។ សម្តេចតេជោ បានឱ្យដឹងថា ភាគីសហរដ្ឋអាម៉េរិក សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់សម្តេចមកសហរដ្ឋអាម៉េរិក ដើម្បីរួមចំណែកសម្រេចបានលទ្ធផលនៃការប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក៕

Advertisement
Advertisement