Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ពីខែឧសភាដល់ខែតុលា កម្ពុជាអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនបង្គួរ

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២២ខាងមុខនេះ កម្ពុជាអាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនបង្គួរនៅដើមរដូវវស្សា និងអាចមានភ្លៀងពីបង្គួរទៅច្រើន នៅពាក់កណ្តាលរដូវវស្សា។

យោងតាមសេចក្តីជូនដំណឹងស្តីពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២២ ដែលចេញផ្សាយ​នៅព្រឹក​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងធនធានទឹកបានលើកឡើងថា បន្ទាប់ពីបានធ្វើការតាមដាន អង្កេត ស្រាវជ្រាវលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គ ជាច្រើនឆ្នាំបន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម រកឃើញថា ចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២២ បាតុភូតអែនសូ (ENSO Neutral) មានពី ២០ភាគរយ ទៅ ៥០ភាគរយ បាតុភូតឡានីណា (La Nina) មានពី៥០ភាគរយ ទៅ៨០ភាគរយ និងបាតុភូត អែលនីញូ (El Nino) មាន ០ភាគរយ ។

ក្រសួងបញ្ជាក់ថា « ស្ថានភាពបែបនេះនឹងធ្វើឱ្យភ្លៀងអាចមានក្នុងកម្រិត ពីមធ្យមទៅច្រើនបង្គួរនៅដើមរដូវវស្សា, អាចមានភ្លៀងពីបង្គួរទៅច្រើន នៅពាក់កណ្តាលរដូវវស្សា និងអាចមានភ្លៀងពីមធ្យមទៅបង្គួរនៅចុងរដូវវស្សា ទាំងនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា »។

ក្រសួងក៏បានលើកឡើងថា ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ចាប់ពីដើមឆ្នាំ២០២២នេះមក មានស្ថានភាព ៖ – ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,៥៣ម៉ែត្រ ។ – ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,៧២ម៉ែត្រ ។ – ទន្លេមេគង្គ-កំពង់ចាម ចាប់ពីខែមករាដល់ពាក់កណ្តាលខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំដល់ទៅ ១,២១ម៉ែត្រ ប៉ុន្តែមកដល់ខែឧសភា ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៦៤ម៉ែត្រ ។ – រាជធានីភ្នំពេញ ស្ថានីយជលសាស្រ្តទន្លេបាសាក់-ចតុម្មុខ ចាប់ពីខែមករា ដល់ពាក់កណ្តាលខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំ ដល់ទៅ ១,១០ម៉ែត្រ ប៉ុន្តែមកដល់ខែឧសភា ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,២៨ម៉ែត្រ ។ – ទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ-កំពង់លួង ចាប់ពីខែមករា ដល់ខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំប្រមាណពី ០,៥០ម៉ែត្រ ទៅ ០,៩០ម៉ែត្រ ប៉ុន្តែចាប់ពីខែមេសា ដល់ខែឧសភា ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួចប្រមាណ ០,០៨ម៉ែត្រ ។

ក្រសួងឱ្យដឹងទៀតថា ផ្អែកតាមលក្ខណៈខាងលើ ស្ថានភាពទឹកទន្លេមេគង្គសម្រាប់ដើមឆ្នាំ២០២២នេះ នៅទន្លេមេគង្គផ្នែកខាងលើ ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ។ នៅទន្លេមេគង្គផ្នែកខាងក្រោម ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែល នឹងខ្ពស់ជាងមធ្យមច្រើនឆ្នាំចាប់ពីខែមេសាមក ។ រីឯទឹកនៅបឹងទន្លេសាប ក៏ខ្ពស់ជាងមធ្យមច្រើនឆ្នាំចាប់ពីខែមេសាមកដែរ ។

ជាមួយគ្នានោះដែរក្រសួងក៏បានឱ្យដឹងថា ចំពោះការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២២វិញថា យោងលើស្ថានភាពទឹកទន្លេមេគង្គនាពេលបច្ចុប្បន្ន កត្តាអាកាសធាតុ និងការវិភាគ លើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបរមា និងអតិបរមា ព្រមទាំងការវិភាគលើវដ្តទឹក ការព្យាករលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុម្មុខ នាឆ្នាំ ២០២២នេះ ទឹកអាចនឹងមានកម្ពស់ ៩,៦៥ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម ៕

Advertisement
Advertisement