Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងក្លាយជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងក្លាយជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុត នៅក្នុងព្រះរាជាណា ចក្រកម្ពុជា និងបានចូលរួមចំណែកក្នុងការស្ដារសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យដឹកជញ្ជូន ជាពិសេសចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានមានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានគោលដៅសំខាន់ផ្តោតលើ សុវត្ថិភាព គុណភាព ប្រសិទ្ធភាព នវានុវត្តន៍ ការដ្ឋានសាងសង់ឆ្លាតវៃ ការការពារបរិស្ថាន និងការយកចិត្តទុកដាក់ចំពោះធនធានមនុស្ស ដើម្បីធ្វើឱ្យផ្លូវល្បឿនលឿន មួយនេះចូលរួមចំណែកក្នុងការកសាងនិងស្តារសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ១៩ ។

លោកបានបន្តថា ផ្លូវល្បឿនលឿននេះ បានជួយឱ្យប្រជាពលរដ្ឋទទួលបាននូវចំណេះដឹងថ្មីៗ ក្នុងការប្រើប្រាស់ផ្លូវជាមួយនឹង បច្ចេកវិទ្យាទំនើប ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែផ្លូវល្បឿនលឿនមានការបែងចែកគន្លងផ្លូវ និងមានការ កំណត់ល្បឿនក្នុងការបើកបរត្រឹមត្រូវ ជាពិសេសកាត់បន្ថយការចំណាយពេលវេលា ជាដើម ។

« ផ្លូវល្បឿនលឿននេះផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះជាតិយើងទាំងមូល ជាពិសេសបញ្ហាសេដ្ឋកិច្ច ដោយសារថា កាលណាយើងមានផ្លូវល្បឿនលឿន ការធ្វើដំណើររបស់យើងពីភ្នំពេញទៅខេត្តព្រះសីហនុ ពីខេត្តព្រះសីហនុទៅភ្នំពេញវិញ គឺប្រើរយៈពេលត្រឹមតែប្រមាណ២ម៉ោងកន្លះទេ អ៊ីចឹងកាត់បន្ថយរយៈពេលនៃការធ្វើដំណើរបានច្រើន កាត់បន្ថយប្រេង»

បើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា នៅពេលដែលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ នឹងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ដល់ប្រជាពលរដ្ឋ ទូទៅ ធ្វើឱ្យខេត្តព្រះសីហនុនិងរាជធានីភ្នំពេញកាន់តែកៀកជិតគ្នា ទាក់ទាញអ្នកវិនិយោគ ទាក់ទាញភ្ញៀវទេសចរ ជាពិសេសចូលរួម ចំណែកបង្កើនសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរ ព្រោះនៅពេលដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ ផ្លូវថ្នល់ល្អ និងមានសុវត្ថិភាព ហើយនោះ ការធ្វើដំណើរនឹងចំណាយពេលវេលាតិច ហើយនិងកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង១៨៧គីឡូម៉ែត្រ មាន៤គន្លង ( ២គន្លងទៅ ២គន្លងមក ) សាងសង់ផ្លូវប្តូរទិស៩កន្លែង (ក្នុងនោះត្រៀមបម្រុង៣កន្លែង) សាងសង់តំបន់ផ្តល់សេវាកម្ម៣កន្លែង ចំណតរថយន្ត១កន្លែង និងមណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវ៤កន្លែង វិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន មានតម្លៃវិនិយោគសរុប ចំនួន២ពាន់លានដុល្លារសហរដ្ឋអាមេរិក ៕

Advertisement
Advertisement