Connect with us

Hi, what are you looking for?

អន្តរជាតិ

បណ្តារប្រទេសនៅអាស៊ានពិភាក្សាអំពីការឆ្លើយតបទៅនឹងកង្វល់សន្តិសុខស្បៀងអាហារ

វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយស្បៀងអាហារអន្តរជាតិ (IFPRI) សហការជាមួយមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការសិក្សា និងស្រាវជ្រាវផ្នែកកសិកម្ម (SEARCA) បានរៀបចំវេទិកាមួយកាលពីថ្ងៃទី១ ខែមិថុនា ក្រោមប្រធានបទ «ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារក្នុងតំបន់អាស៊ានក្រោយជំងឺរាតត្បាត​កូវីដ-១៩៖ ឆ្លើយតបទៅនឹងសន្តិសុខស្បៀងអាហារ និងកង្វល់អំពីបរិយាប័ន្ន»។

វេទិកានេះ គឺជាផ្នែកមួយនៃការផ្លាស់ប្តូរកសិកម្ម និងសមាហរណកម្មទីផ្សារ (ATMI) នៅក្នុងបណ្តាប្រទេសនៅអាស៊ាន៖ ការឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀងអាហារ និងបរិយាប័ន្ន ដែលជាកម្មវិធីមួយផ្តល់មូលនិធិដោយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)។

កម្មវិធីនេះផ្តោតសំខាន់ទៅលើប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ននៃប្រទេសជាសមាជិកអាស៊ានក្នុងការជួយសម្រួលដល់សមាហរណកម្មម្ចាស់សហគ្រាសធុនតូចក្នុងវិស័យកសិកម្ម ចូលរួមក្នុងទីផ្សារ និងបង្កើត និងអនុវត្តគោលនយោបាយគាំទ្រការបំប្លែង និងសមាហរណកម្មទីផ្សារ។

នាយក SEARCA លោក Glenn B. Gregorio បាននិយាយថា ជាមួយនឹងការអភិវឌ្ឍ និងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារយ៉ាងឆាប់រហ័ស បណ្តាប្រទេសនៅអាស៊ានមានការរីកចម្រើនគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ស្តីពីការបញ្ចប់ភាពអត់ឃ្លាន និងអសន្តិសុខស្បៀងអាហារ និងកង្វះអាហារូបត្ថម្ភ។

ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមាន រួមទាំងស្ថានការណ៍កាន់តែអាក្រក់ទៅៗក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ផងដែរ។ ដូច្នេះហើយ លោកបានសង្កត់ធ្ងន់ទៅលើតម្រូវការដើម្បីធ្វើសមកាលកម្មគំរូបំប្លែងចំណីអាហារនៅក្នុងប្រទេសនីមួយៗ។

ថ្លែងនៅក្នុងវេទិកានោះ នាយកវិទ្យាស្ថានគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់កសិកម្ម និងអភិវឌ្ឍជនបទរបស់វៀតណាម លោក Tran Cong Thang បាននិយាយថា ប្រទេសវៀតណាមមានការអភិវឌ្ឍវិស័យកសិកម្មដែលដើរតួនាទីយ៉ាងសំខាន់ ជាពិសេសក្នុងអំឡុងពេលមានជំងឺរាតត្បាត។

លោកបាននិយាយថា ការប្រែក្លាយវិស័យកសិកម្មកំពុងនាំទៅរកការកែលម្អគុណភាពផលិតផលកសិកម្ម ដោយលោកបាននិយាយបន្ថែមថា ការនាំចេញបានកើនឡើងដល់កម្រិតខ្ពស់បំផុត គឺ ៤៨,៦ប៊ីលានដុល្លារអាម៉េរិកកាលពីឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះនៅតែប្រឈមមុខនឹងការខ្វះខាតមួយចំនួនដូចជា គុណភាពកសិផលមិនទាន់ស្របតាមស្តង់ដារអន្តរជាតិ និងប្រាក់ចំណូលទាបសម្រាប់កសិករ។

ដូច្នេះ រដ្ឋាភិបាលបានអនុម័តទៅលើយុទ្ធសាស្ត្រអភិវឌ្ឍកសិកម្ម និងជនបទប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០២១-២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៥០៕

Advertisement
Advertisement