Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តម តឹករ៉េត សំរេច និងឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥

ព្រះសីហនុ៖ ឯកឧត្តម តឹករ៉េត សំរេច សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រះសីហនុ និងឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅទីលានសម្តេចតេជោ (កន្ទុយនាគ) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក អ៉ី សុខឡេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុង លោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាច្រើននាក់ផងដែរ។

លោក អ៉ី សុខឡេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ បានឲ្យដឹងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលមានរយៈពេល ១២ថ្ងៃ ចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ គ្មានអំពើហិង្សា គ្មានការប្រឆាំងតវ៉ា និងគ្មានបាតុភាពអ្វីកើតឡើងនោះឡើយ។

លោក អ៉ី សុខឡេង បន្តថាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទាំង៤សង្កាត់ ក្នុងក្រុងព្រះសីហនុ បានចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានចំនួន ប្រមាណ ៣៧១១នាក់ ក្នុងនោះអមដំណើរដង្ហែរក្បួន ដោយមធ្យោបាយម៉ូតូ,ម៉ូតូកង់បីចំនួន ៨០០គ្រឿង និងរថយន្តចំនួន ៥២៩គ្រឿង។

ឯកឧត្តម តឹករ៉េត សំរេច សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានក្រុងព្រះសីហនុ បានកោតសរសើរសមាជិក សមាជិការដែលបានចូលរួមយ៉ាងសកម្មក្នុងរយ:ពេល ១២ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងអាណត្តិទី៥ យើងទាំងអស់គ្នាបានចុះទៅដល់មូលដ្ឋាន គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ បានលើកទឹកចិត្ត និងបង្ហាញនូវគោលនយោបាយដ៏ល្អត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា រាល់សកម្មភាពរបស់បងប្អូនជាសកម្មជនគណបក្សប្រជាជនកម្ពុជា បានបង្ហាញការបេជ្ញាចិត្តខ្ពស់ យើងសង្ឃឹមថានៅថ្ងៃបោះឆ្នោតទី៥ មិថុនាខាងមុខនេះ គណបក្សប្រជាជនកម្ពុជានឹងនាំមកនូវជ័យជំនះដ៏ត្រចះត្រចង់សម្រាប់ក្រុងព្រះសីហនុទាំងមូល ហើយក្នុងនាមសមាជិកសមាជិការ នៃគណបក្សប្រជាជនក្រុងព្រះសីហនុ សូមថ្លែងអំណរគុណចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រីប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់ដែលបានដឹកនាំនាវាកម្ពុជាឆ្លងកាត់ការលំបាកគ្រប់បបែបយ៉ាងរស់នៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលាទទួលបានការអភិវឌ្ឍ និងសន្តិភាព ហើយក្នុងការបោះឆ្នោតបង្ហាញពីការដឹងគុណចំពោះថ្នាក់ដឹកនាំគណបក្ស ការបោះឆ្នោតមួយសន្លឹក គឺជាការត្រឹមត្រូវមានតម្លៃសម្រាប់អាយុជីវិតយើងទាំងមូល ឆ្នោតមួយសន្លឹកដើម្បីខ្លួនឯង ការអភិវឌ្ឍនិងសុខសន្តិភាពសម្រាប់ប្រទេសជាតិរបស់យើង។

ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ បានថ្លែងបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ថាក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមស្វាគមន៍វត្តមានបងប្អូនជនរួមជាតិ និងកោតសរសើរវាយតម្លៃចំពោះក្រុមការងារគ្រប់ថ្នាក់ បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់នៃគណបក្សប្រជាពនកម្ពុជា បងប្អូនជនរួមជាតិបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃទី២១ ខែឧសភា រហូតថ្ងៃនេះ ស្របតាមបទច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងមានសុវត្ថិភាពល្អប្រសើរ ស័ក្តសមជាគណ បក្សដែលនឹងកំពុងដឹកនាំ និងបន្តដឹកនាំប្រទេសជាតិ និងដឹកនាំឃុំ សង្កាត់ជាបន្តទៀត។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ប្រព្រឹត្តទៅក្នុងបរិយាកាសប្រទេសជាតិមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គមយ៉ាងល្អរីកចម្រើនលើគ្រប់វិស័យក្នុងសង្គម។

ឯកឧត្តមបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយត្រឹមត្រូវទើបប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យ មានស្នាដៃធំៗជាប្រវត្តិសាស្ត្រជាច្រើនទាំងខាងនយោបាយ សេដ្ឋកិច្ចសង្គម និងវប្បធម៌ មានបទពិសោធន៍ដឹកនាំគ្រប់គ្រាន់ទាំងនៅថ្នាក់ជាតិ និងនៅមូលដ្ឋានឃុំសង្កាត់ មានធនធានមនុស្សប្រកបដោយមត្ថភាពពិត ប្រាកដក្នុងការបំពេញការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ មានរចនាសម្ព័ន្ធរឹងមាំពីថ្នាក់ជាតិ រហូត ដល់ថ្នាក់មូលដ្ឋានដើម្បីផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍ ក្នុងគោលបំណងឆ្លើយតបសេចក្តីប្រកាសរបស់ប្រជាពលរដ្ឋ មានសាមគ្គីភាព និងឯកភាពរឹងមាំ ធ្វើសកម្មភាពគ្រប់បែបយ៉ាងដោយផ្សារភ្ជាប់នឹងជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ សម្រាប់ប្រជាពលរដ្ឋនិងដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយឯកឧត្តមបានបន្តថាក្នុងនាមសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ដឹងគុណចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្ស បងប្អូនជនរួមជាតិជានិច្ចកាលធ្វើការប្ដេជ្ញាចិត្តគាំទ្រ និងរួមសុខរួមទុក្ខជាមួយគណបក្ស ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាព ការអភិវឌ្ឍន៍ឃុំ/សង្កាត់ ក៏ដូចប្រទេសជាតិរយៈពេលកន្លងមក និងតទៅទៀត៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement