Connect with us

Hi, what are you looking for?

ក្នុងស្រុក

ត្រីបបែលយក្សទម្ងន់ ៣០០គីឡូក្រាម ត្រូវរកឃើញនៅកម្ពុជា

ត្រីបបែលទម្ងន់៣០០គីឡូក្រាម ត្រូវរកឃើញនៅកម្ពុជា

ស្ទឹងត្រែង – អ្វីដែលជាប្រស្នាអាថ៌កំបាំងដ៏អស្ចារ្យមួយ របស់សត្វព្រៃដ៏យូរលង់មកហើយ នោះគឺអត្តសញ្ញាណរបស់ប្រភេទត្រីទឹកសាប ធំជាងគេលើពិភពលោក ហាក់ដូចជាត្រូវបានស្រាយចេញ កាលពីសប្តាហ៍មុន ខណៈដែលអ្នកនេសាទនៅភាគខាងជើងនៃប្រទេសកម្ពុជា ធ្វើការជាមួយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានរកឃើញ ត្រីបបែលយក្សទឹកសាប ទម្ងន់ ៣០០គីឡូក្រាម នៅជិតកោះដាច់ស្រយាលមួយ ក្នុងទន្លេមេគង្គ។

ទំហំដ៏គួរឱ្យភ្ញាក់ផ្អើលនៃត្រីជិតផុតពូជនេះ ត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ថា វាធ្ងន់ជាង២ដង នៃទម្ងន់ជាមធ្យមរបស់សត្វស្វាគ្រោងដែលរស់នៅតំបន់ទំនាបទៅទៀត ហើយទំហំនេះធ្ងន់ជាងត្រីរាជ ដែលមាន​ទម្ងន់ ២៩៣ គីឡូក្រាម ដែលត្រូវចាប់បាននៅក្នុងប្រទេសថៃ ក្នុងឆ្នាំ ២០០៥ ដែលបានកាន់កាប់កំណត់ត្រាពីអតីតកាល ជាត្រីទឹកសាបដ៏ធំបំផុតនៅលើផែនដី។

ត្រីទឹកសាបត្រូវបានកំណត់ថា គឺជាប្រភេទត្រីដែលប្រើប្រាស់ពេលវេលាពេញមួយជីវិត រស់នៅក្នុងទឹកសាប ដែលផ្ទុយពីប្រភេទសត្វសមុទ្រយក្ស ដូចជាត្រីធូណា និងត្រីម៉ាលីន ឬត្រីដែលធ្វើចរាចរផ្លាស់ទី រវាងទឹកសាប និងទឹកប្រៃ ដូចជាត្រី beluga sturgeon ដែលមានទំហំដងខ្លួនធំៗ ជាដើម។

ត្រីបបែលយក្ស ដែលបំបែកកំណត់ត្រានេះ មានប្រវែងជាង ជិត៤ម៉ែត្រ គឺវាស់ចាប់ពីចុងច្រមុះដល់កន្ទុយ។ វាត្រូវបានអ្នកនេសាទម្នាក់ចាប់បាន ស្ថិតនៅភាគខាងត្បូងក្រុងស្ទឹងត្រែង ក្នុងទន្លេមេគង្គ ដែលលាតសន្ធឹង និងហូរឆ្លងកាត់ភាគខាងជើងប្រទេសកម្ពុជា។

ដោយយល់ដឹងពីសារៈសំខាន់របស់ត្រីបបែលយក្ស ដែលគាត់ចាប់បាននេះ អ្នកនេសាទបានទាក់ទងទៅក្រុមការងារស្រាវជ្រាវរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលទទួលបានមូលនិធិពីទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីជួយលែងត្រីបបែលយក្ស ដែលជាប្រភេទរងគ្រោះជិតផុតពូជ ត្រឡប់ចូលទៅក្នុងទន្លេវិញ។

លោកង្វៀន ហាន់ ( Hanh Nguyen) នាយកបេសកកម្មស្តីទីរបស់ USAID/Cambodia បានថ្លែងថា៖ «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ បានបង្ហាញពីជោគជ័យនៃគម្រោងអច្ឆរិយភាពនៃមេគង្គ ដែលគាំទ្រថវិកាដោយ USAID។ ប្រទេសកម្ពុជា ទទួលបានពរជ័យជាជីវចម្រុះដ៏អស្ចារ្យ ហើយយើងពិតជាមានមោទកភាព ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការលើកកម្ពស់ការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីតួនាទីដ៏សំខាន់របស់ទន្លេមេគង្គ»។

នេះជាលើកដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលត្រីបបែលយក្សដ៏ធំនេះ ត្រូវបានបំពាក់ឧបករណ៍ផ្តល់សញ្ញា acoustic tag ដែលជាបច្ចេកវិទ្យា អាចឱ្យជីវវិទូស្វែងយល់បន្ថែមទៀត អំពីអាកប្បកិរិយាដ៏អាថ៌កំបាំងរបស់សត្វមានជីវិត ដែលយើងកម្របានជួបប្រទះមួយនេះ។

សម្រាប់លោក ហ្សេប ហូហ្គេន (Zeb Hogan) ជីវវិទូមច្ឆជាតិ នៅសកលវិទ្យាល័យ ណេវ៉ាដា នៃទីក្រុង រីណូ និងជាថ្នាក់ដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ មានប្រសាសន៍ថា ការរកឃើញត្រីបបែលយក្សនេះ គឺជាភស្តុតាងដែលបង្ហាញថា ពិភពធម្មជាតិនៅតែអាចផ្តល់នូវរបកគំហើញថ្មី និងអស្ចារ្យ ហើយប្រភេទសត្វក្នុងទឹកដ៏ធំបំផុតជាច្រើន នៅតែមិនទាន់ត្រូវបានសិក្សាស្វែងយល់គ្រប់គ្រាន់នៅឡើយ។

លោកបណ្ឌិត ហ្សេប ហូហ្គេន ជាពិធីករនៃកម្មវិធីទូរទស្សន៍ National Geographic នៅក្នុងកម្មវិធី «Monster Fish» បាននិយាយថា៖ «ក្នុងរយៈពេល ២០ឆ្នាំ នៃការស្រាវជ្រាវរកប្រភេទត្រីធំៗនៅក្នុងទន្លេ និងបឹង នៅក្នុងទ្វីបចំនួនប្រាំមួយ នេះគឺជាត្រីទឹកសាបដ៏ធំបំផុត ដែលយើងបានជួបប្រទះ ឬប្រភេទត្រីដែលត្រូវបានកត់ត្រាទុកនៅគ្រប់ទីកន្លែងទូទាំងពិភពលោកនេះ»។ បណ្ឌិតហូហ្គេនបន្តថា៖ «នេះគឺជាការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ហើយបង្ហាញថា កិច្ចខិតខំប្រឹងប្រែង ដើម្បីយល់កាន់តែច្បាស់ អំពីអាថ៌កំបាំងជុំវិញប្រភេទសត្វនេះ និងការលាតសន្ធឹងមិនគួរឱ្យជឿនៃទន្លេ ដែលជាកន្លែងដែលវារស់នៅ»។

ដោយសហការជាមួយរដ្ឋបាលជលផលកម្ពុជា គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានបង្កើតបណ្តាញអ្នកនេសាទដែលយល់ព្រមរាយការណ៍ អំពីការចាប់បានប្រភេទត្រីយក្ស និងជិតផុតពូជ រួមមានទាំងត្រីបបែលយក្សផងដែរ។ កាលពីខែមុន អ្នកនេសាទរស់នៅក្នុងតំបន់ដូចគ្នានេះ បានរាយការណ៍ប្រាប់ក្រុមការងារថា ពួកគាត់បានចាប់បានសត្វត្រីបបែលយក្សញីទម្ងន់ ជាង១៨០គីឡូក្រាម ដែលបន្ទាប់មក ក្រុមអ្នកស្រាវជ្រាវ បានជួយលែងចូលទៅក្នុងទឹកទន្លេវិញ ដោយសុវត្ថិភាព។

«ការរកឃើញត្រីបបែលដ៏មហិមាបំបែកក្នុងកំណត់ត្រាពិភពលោកនេះ បង្ហាញពីឱកាសដ៏ពិសេស ដែលយើងមាននៅក្នុងប្រទេសកម្ពុជា ដើម្បីការពារប្រភេទសត្វនេះ និងទីជម្រកស្នូលរបស់វា។ នៅក្នុងភាពជាដៃគូ ជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងបណ្តាប្រទេសដទៃទៀត នៅក្នុងអាងទន្លេមេគង្គក្រោម វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលកម្ពុជា នឹងរៀបចំកិច្ចប្រជុំមួយ ដើម្បីរៀបចំផែនការសកម្មភាពអភិរក្ស ប្រភេទសត្វក្នុងតំបន់ និងពង្រឹងការការពារទន្លេ សត្វព្រៃ ជលផល និងសហគមន៍មូលដ្ឋាន» នេះបើតាមប្រសាសន៍ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល។

លោកស្រី ជា សីលា អ្នកគ្រប់គ្រងគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ បានមានប្រសាសន៍ថា៖ «ឥឡូវនេះ ក្រុមអ្នកនេសាទបានសហការជាមួយគម្រោងរបស់យើង នោះនៅពេលដែលពួកគាត់ចាប់បានត្រីបបែលយក្ស ពួកយើងនឹងអាចបំពាក់ស្លាកសញ្ញាសម្គាល់ រួចលែងពួកវាវិញ។ ការលែងដោយជោគជ័យទាំងនេះ បានបង្ហាញពីសារៈសំខាន់ នៃភាពជាដៃគូររបស់យើងជាមួយសហគមន៍មូលដ្ឋាន។ ជាមួយគ្នានេះ យើងទាំងអស់គ្នា មានតួនាទីសំខាន់ក្នុងការតាមដាន និងអភិរក្សធនធានជលផល»។

ប្រជានេសាទបានទូរស័ព្ទ ប្រាប់ក្រុមការងាថា ចាប់បានត្រីបបែលយក្ស «ធំជាងមុន» កាលពីយប់ថ្ងៃទី ១៣ ខែមិថុនា។ ត្រីបបែលត្រីនេះ ត្រូវបានបំពាក់ឧបករណ៍ acoustic ដើម្បីតាមដានការធ្វើចរាចរផ្លាស់ទីរបស់វា មុនពេលលែងត្រឡប់ចូលទៅទន្លេវិញ ដោយសុវត្ថិភាព។ តាមការអង្កេត ត្រីបបែលយក្សនេះ ហាក់ដូចជារឹងមាំ និងមានសុខភាពល្អ ព្រោះវាបានហែលចុះយ៉ាងលឿនទៅក្នុងទឹកល្អក់ ដ៏ជ្រៅនៅក្នុងទន្លេមេគង្គ៕

Advertisement
Advertisement