Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ​ ៖ កាលពីខែឧសភា​​អតិផរណា​នៅ​កម្ពុជា​ឡើង​ខ្ពស់បំផុត​ពុំធ្លាប់មានក្នុងរយៈជាង១០ឆ្នាំចុងក្រោយនេះ​

ភ្នំពេញ – ថ្លែង​ក្នុងឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា​ក្រោម​ឥទ្ធិពល​នៃ​ការកើនឡើង​ថ្លៃ​ប្រេង​និង​ម្ហូបអាហារ ពិភពលោក​អតិផរណា​នៅ​កម្ពុជា​ក៏បាន​កើន​ឡើងជា​បន្តបន្ទាប់​ដ​ល់​៧,២​ភាគរយ​នៅ​ខែឧសភា​ដែលជា​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​។​

ក្នុងស្ថានភាព​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លឹងថ្លែង​ការអនុវត្ត​នយោបាយ​រូបិយវត្ថុ​ដើម្បី​គ្រប់គ្រង​សម្ពាធ​អតិផរណា​ផង​និង​គាំទ្រ​ការស្តារ​កំណើនសេដ្ឋកិច្ច​ផង​។​ដើម្បី រួមចំណែក​គ្រប់គ្រង​សម្ពាធ​អតិផរណា​អត្រា​ប្តូរប្រាក់​ត្រូវបាន​បន្ត​រក្សា​ឱ្យមាន​ស្ថិរភាព​សំដៅ​ការពារ​អំណាច​ទិញ​របស់​ប្រាក់រៀល ក៏ដូចជា​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ។

​គួរ​បញ្ជាក់ថា ​ដោយសារ​បញ្ហា​ដុល្លា​រូប​-​នីយកម្ម​ការប្រែប្រួល​អ​ត្រា​ប្តូរប្រាក់​មាន​ឥទ្ធិពល​ដោយផ្ទាល់​និង​ឆាប់រហ័ស​មកលើ​អតិផរណា​នៅ​កម្ពុជា​។ ​កាលណា​តម្លៃ​ប្រាក់រៀល​ធ្លាក់ចុះ​នោះ​នឹង​នាំឱ្យ​តម្លៃ​ទំនិញ​និង​សេវា​នានា​កើនឡើង​ភ្លាម​ផងដែរ ។​

ពន្យល់​អំពី​អ្វី​ដែលជា​ចំណាត់ការ​របស់​ធនាគា​រ​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​លោក​ទេសាភិបាល​បានបង្ហាញ​ថា ប្រសិទ្ធភាព​នៃ​ការអនុវត្ត​នយោបាយរ​ក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់​ត្រូវបាន​គាំទ្រ​ជា​ចម្បង​ដោយ​៖ ទី​១. កម្រិត​ខ្ពស់​គ្រប់គ្រាន់​នៃ​ទុនបម្រុង​អន្តរជាតិ​ដែល​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​និង​សាធារណជន​មកលើ​សមត្ថភាព​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការធ្វើអន្តរាគមន៍​ក្នុង​ទីផ្សារ​ប្តូរប្រាក់​។​នេះ​ជា​មោទនភាព​មួយ​ដែល​ទុនបម្រុង​អន្តរជាតិ​កម្ពុជា​ត្រូវបាន​រក្សា​យ៉ាងរឹងមាំ​នៅក្នុង​ស្ថានភាព​ដែល​ប្រទេសមួយ​ចំនួន​ប្រឈម​នឹង​ការស្រុតចុះ​នៃ​ទុនបម្រុង​អន្តរជាតិ ដោយសារ​ឥទ្ធិពល​នៃ​ការហូរ​ចេញ​នៃ​មូលធន ។​ទី​២. ការតម្រង់ទិស​អត្រា​ប្តូរប្រាក់​នៅលើ​ទីផ្សារ (exchange rate guidance) តាមរយៈ​ការកំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ។

ទី​៣.​ការគ្រប់គ្រង​សន្ទនីយ​ភាព​ក្នុង​កម្រិត​សមស្រប​ដោយ​ការបញ្ចេញ​សន្ទនីយ​ភាពជា​រៀល​តាមរយៈ​ប្រតិបត្តិ​ការផ្តល់​សន្ទនីយ​ភាព​ដោយមាន​ការធានា​(LPCO)​និង​ការ​ស្រូបយក​សន្ទនីយ​ភាព​លើស​ក្នុង​ប្រព័ន្ធ​ធនាគារ​ដោយ​មូល​ប​ត្រ​អាច​ជួញដូរ​បាន (NCD) ។

​ក្នុងការ​គាំទ្រ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នយោបាយ​រូបិយវត្ថុ​វិត្ថារ​កម្ម​ត្រូវបាន​បន្ត​អនុវត្ត​តាមរយៈ​ការរក្សា​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​ក្នុង​កម្រិត​៧​ភាគរយ​ទាំង​ជា​ប្រាក់រៀល​និង​រូបិយប័ណ្ណ​ដែល​បានផ្តល់​លទ្ធភាព​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ឱ្យមាន​សាច់ប្រាក់​ក្នុង​ដៃ​បន្ថែម ។​

ក្នុង​សុន្ទរកថា​ដដែល​លោក​ទេសាភិបាល​បាន​រំលេច​ឱ្យឃើញថា នៅ​ឆមាស​ទី​១​ឆ្នាំ​២០២២​នេះ​ពិភពលោក​បាន ប្រឈម​នឹង​បញ្ហា​ថ្មីៗ​ក្រោយពី​វិបត្តិ​កូ​វីដ​១៩​បាន​ធូរស្រាល​ដែល​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​កើនឡើង​យឺត​ជាង​ការរំពឹងទុក ដូចជា ការកើនឡើង​ខ្ពស់​នៃ​អត្រា​អតិផរណា ការប្រែប្រួល​លំហូរ​មូលធន​និង​សម្ពាធ​លើ​តម្លៃ រូបិយប័ណ្ណ​នានា​។ ការអូសបន្លាយ​នៃ​សង្គ្រាម​និង​ការដាក់ទណ្ឌកម្ម​នានា លើ​ប្រទេស​រុស្ស៊ី​បានធ្វើឱ្យ​ថ្លៃ​ប្រេង ឥន្ធនៈ​និង​ម្ហូបអាហារ​ពិភពលោក​កើន​ឡើងជា​លំដាប់​ដោយសារ​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​សុទ្ធតែជា​ប្រទេស​ឈានមុខ​គេ​ក្នុងការ​នាំចេញ​វត្ថុធាតុដើម ដូចជា ប្រេងឥន្ធនៈ ឧស្ម័ន ជី និង​ផលិតផល​កសិកម្ម ជាដើម ។ ជាក់ស្តែង នៅ​ខែមិថុនា ឆ្នាំ​២០២២​នេះ អត្រា​អតិផរណា​សហរដ្ឋអាមេរិក​បាន​កើន​ឡើងដល់ ៩,១​ភាគរយ​ដែលជា​កម្រិត ខ្ពស់បំផុត​ក្នុង​រយៈពេល ៤០​ឆ្នាំ​ចុង​ក្រោយនេះ ស្រប​ពេលដែល​អតិផរណា​នៅ​តំបន់​អឺរ៉ូ​បាន​កើន​ដល់ ៨,៦​ភាគរយ​ដែលជា​អត្រា​ខ្ពស់បំផុត​ចាប់តាំងពី​ការបង្កើត​ប្រាក់​អឺរ៉ូ​មក ។ ជាមួយគ្នានេះ ការដំឡើង​អត្រា​ការប្រាក់​គោល​នៅ​សហរដ្ឋអាមេរិក បាន​នាំឱ្យមាន​លំហូរ​មូលធន​ចូល​សហរដ្ឋអាមេរិក ដែល​ធ្វើឱ្យ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​កើនឡើង​។​ជា​លទ្ធផល​រូបិយប័ណ្ណ​នៅ​ប្រទេស​ជាច្រើន​បាន​ថយ​ថ្លៃធៀប​នឹង​ដុល្លារ​អាមេរិក ហើយ​បន្ថែម​លើ​នេះ នៅ​ប្រទេស​កំពុង​លូតលាស់​និង​កំពុងអភិវឌ្ឍន៍ ទុនបម្រុង​អន្តរជាតិ​ក៏បាន​ស្រក​ចុះ​ផងដែរ ដូចជា ប្រទេស​ឡាវ ស្រីលង្កា និង​បង់​ក្លា​ដែ​ស ជាដើម ដែល​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​ការអនុវត្ត​នយោបាយ​រូបិយវត្ថុ​និង​ទិញ​ទំនិញ​ក្រៅប្រទេស ។ ម្យ៉ាងទៀត ការបន្ត​អនុវត្ត​នយោបាយ​គ្មាន​កូ​វីដ​-១៩ (Zero COVID policies) យ៉ាង​ម៉ឺងម៉ាត់​នៅ​ប្រទេស​ចិន ក៏បាន​បង្កឱ្យមាន​ការ​រអាក់រអួល​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​និង​ផ្គត់ផ្គង់​ទាំង​ក្នុងស្រុក​និង​លើ​ពិភពលោក ។ គួបផ្សំ​នឹង​ការធ្លាក់ចុះ​នៃ​វិស័យ​អចលនទ្រព្យ សេដ្ឋកិច្ច​ចិន​ត្រូវបាន​រំពឹងថា​នឹង​ថយ​ល្បឿន​គួរឱ្យកត់សម្គាល់ ដែល​បាននិងកំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការវិនិយោគ ពាណិជ្ជកម្ម​អន្តរជាតិ និង​វិស័យ​ទេសចរណ៍​ពិភពលោក៕

Advertisement
Advertisement