Connect with us

Hi, what are you looking for?

ពីនេះ ពីនោះ

ពីនេះ.ពីនោះ..ពលរដ្ឋថា លោកធំមួយរូបក្នុងខេត្ត មណ្ឌលគិរីកំពុងបំភ័យរកប្រយោជន៍ពីពួកគាត់ជុំវិញករណីដីធ្លី

មណ្ឌលគិរី : ពលរដ្ឋភាគច្រើនជាជនជាតិភាគតិចព្មងដែលកំពុងរស់នៅក្នុងភូមិអូស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បាននិយាយថា ពួកគាត់ត្រូវបានលោក ឈិត សុផល នាយរងរដ្ឋបាលខេត្ត កោះឲ្យជួបជុំគ្នាកាលពីរសៀលថ្ងៃ១១ កញ្ញា ឆ្នាំ ២០២៣ ក្នុងកម្មវត្ថុដើម្បីដោះស្រាយបញ្ហាដីធ្លី ដែលពួកគាត់កំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្ដែង ។

តាមសេចក្ដីរាយការណ៍ថា អំឡុងនោះលោក ឈិតសុផល ដែលក៏ជាសមាជិកក្រុមការងារពិនិត្យចុះសម្របសម្រួលដោះស្រាយដីទំនាស់របស់ខេត្តផងនោះបានលើកឡើងថា ដីរបស់ពួកគាត់មានបញ្ហាប្រឈមធ្ងន់ជាមួយអ្នកមានទ្រព្យធំម្នាក់ឈ្មោះ ឈាង ប៉ាក់សួរ រស់នៅភ្នំពេញ ដែលទាមទារចាំបាច់ឱ្យបងប្អូនបរិច្ចាគជាលុយកាក់ ឬដីធ្លីក៏បានតាមជាក់ស្ដែងដើម្បីបញ្ចប់រឿង ។

លោក ឈិត សុផល(ពាក់អាវខៀវ) អំឡុងជួបប្រជុំជាមួយប្រជាពលរដ្ឋ

ការនេះបានធ្វើឲ្យអ្នកភូមិដែលខ្លះមានដីបួនដប់ម៉ែត្រ រស់ពឹងផ្អែកលើទងល្ពៅ ទងននោង ធ្វើភ្នែកចោទត្រេង ។ អ្នកភូមិម្នាក់បាននិយាយថា ដើមឡើយដីទាំងនេះជាចំការវិលជុំរបស់ជនជាតិដើមភាគតិច ក្រោយមកដោយ មានការស្នើសុំពីរដ្ឋ ពួកគាត់ក៏បានប្រគល់ឲ្យរដ្ឋដើម្បីធ្វើសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនចិនឈ្មោះ អ៊ូជីសាន និងហួរលីង ដាំដើមស្រល់ ។ លុះក្រោយមកដោយក្រុមហ៊ុនពុំបានធ្វើអ្វីពួកគាត់ក៏មកកាន់កាប់ និងអាស្រ័យ ផលនៅលើផ្ទៃដីដែលជារបស់ដូនតាពួកគាត់វិញ ។

លោក ឈិត សុផល នាំក្រុមលោក ឈាង ប៉ាក់សួរ មកបន្លាចប្រជាពលរដ្ឋកាលពីម្សិលមិញ

ប្រភពថា គ្រានោះស្ងាត់ៗនៅថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៨ អតីតចៅហ្វាយខេត្តមណ្ឌលគិរីគឺលោកស្វាយ សំអ៊ាង បានស៊ីញ៉េនៅលើប្លុកណោយផ្ដល់ដីពួកគាត់ដែលកំពុងកាន់កាប់ និងអាស្រ័យផលទៅឲ្យឈ្មោះ សាន សូត្រ ហៅ(ប្លោក) ។ ប៉ុន្តែនៅថ្ងៃទី២១ មករា ឆ្នាំ២០២១ គណៈរដ្ឋមន្ត្រីក៏បានចេញស.ជ.ណ លេខ៣៨ ស.ជ.ណ កឆ និរាករណ៍ចោលលិខិតទាំងនោះ ” និរាកណ៍លិខិតទាំងឡាយណាដែលចេញដោយអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត ” ។ ជាមួយគ្នានៅថ្ងៃទី០៤តុលា ឆ្នាំ២០២១ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីក៏បានចេញអនុក្រឹត្យលេខ១០៤ អនក.បក កាត់ឆ្វៀលដីទំហ៊ុំ៣៥៧ហិកតា ៦៦អា ៨៣សង់ទីអា ពីគម្របព្រៃឈើឆ្នាំ២០០២ និងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនអ៊ូជីសាន រួមទាំងដីរបស់ក្រុមហ៊ុន ហូរ លីង ដែលស្ថិតក្នុងភូមិអូស្ពាន សង្កាត់ស្ពានមានជ័យ ធ្វើអនុប្រយោគជាដីកម្មសិទ្ធិរបស់រដ្ឋដើម្បីធ្វើប្រទានកម្ម ជាកម្មប្រសិទ្ធិជូនប្រជាពលរដ្ឋដែលកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងទៀត ដែលធ្វើឲ្យពលរដ្ឋមានអំណរជាពន្លឹក ។ ចុះហេតុ អ្វីក៏ពេលនេះ លោក ឈិត សុផល បែរជានាំខ្លាបាក់ជើងពីណាមកទារសាច់គោពីពួកគាត់ , ប៉ុន្តែពួកគាត់ថាគ្មានអ្វីទេ ក្រៅតែពីជីវិតប៉ុណ្ណោះ ។

បើតាមប្រជាពលរដ្ឋថា ឥរិយាបថបែបនេះរបស់លោកធំ ឈិត សុផល គឺជាការប្រឆាំងដោយចំហចំពោះសេចក្ដី សម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងគោល នយោបាយដីធ្លីរបស់រដ្ឋាភិបាល ។ ដែលសូម្បីតែឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីក៏បានលើកឡើងនៅក្នុងលិខិតបង្គាប់ការមួយចុះថ្ងៃទី ៣១ សីហា ឆ្នាំ២០២៣ ដោយប្រើពាក្យថា ” ដោះស្រាយទំនាស់ក្នុងដីឯកជនរបស់រដ្ឋ ” ដែរ ។ ដែលមិនមែនដោះស្រាយទំនាស់ដីធ្លីរវាងពលរដ្ឋ និងបុគ្គលឈ្មោះ ឈាង ប៉ាកសួរ ដូចការលើកឡើងរបស់លោកធំ ឈិត សុផល នោះទេ ៕

Advertisement
Advertisement