Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក ស៊ុន ជីវលី អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជួយរកយុត្តិធម៌ជូនគាត់ផង ពាក់ព័ន្ធករណីហឹង្សា ហើយថែមទាំងដណ្ដើមសពម្តាយទៅបញ្ចុះនៅកន្លែងផ្សេង ខុសពីបណ្តាំម្តាយកាលនៅរស់

ព្រះសីហនុ៖ រឿងរ៉ាវបងប្អូនបង្កើតដណ្តើមយកសពម្តាយដឹកទៅបញ្ចុះនៅកន្លែងផ្សេងគ្នា និងកើតជាជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សារវាងបងស្រី និងប្អូនប្រុស កាលពីជាង១០ខែកន្លងទៅ នៅរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ស៊ុន ជីវលី ត្រូវជាកូនពៅនៃសពម្តាយឈ្មោះ ( ហេង ម៉ាឡាយ) បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជួយរកយុត្តិធម៌ និងពន្លឿនសំណុំរឿងនេះផង ដើម្បីអោយវិញ្ញាណខ័ណ្ឌម្តាយលោក បានទៅកាន់សុខគតិភពផងចុះ។

លោកបន្តថារូបលោកពិតជាជួបរឿងអយុត្តិធម៌ និងមិនគួរកើតឡើងមកលើរូបលោក ដោយកន្លងមក លោកគឺជាអ្នកដែលបានមើលថែម្តាយជិត១០ឆ្នាំ រហូតម្តាយលាចាកលោក ក៏ត្រូវបានបងស្រីបង្កើត និងសាច់ញាតិ មកដណ្តើមដឹកយកសពទៅបញ្ចុះនៅកន្លែងផ្សេង ដែលខុសពីបណ្តាំម្តាយកាលនៅរស់។

លោកបញ្ជាក់ថា កាលពីម្តាយរបស់គាត់មុននឹងទទួលមរណភាព រូបគាត់បានអោយមេធាវី ឈ្មោះ ឈុន ជ្រា ជួយធ្វើលិខិតបណ្តាំទុកជាភ័ស្តុតាង ដោយខ្លាចបងស្រីទាំង២ ដែលបានធ្វើអោយគាត់ឆ្អែតចិត្តមកធ្វើបាបរូបគាត់ ដោយធ្វើជាបណ្តាំទទួលមរតក និងការចាត់ចែងក្នុងពិធីបុណ្យ និងបណ្តាំជាសម្លេងផងដែរ ដោយឲ្យយកសពទៅបញ្ចុះនៅ ស្រុកស្ទឹងហាវ។ ប៉ុន្តែអ្វីៗ គឺពុំមានន័យអ្វីទាំងអស់ គឺបងស្រីទាំង២នាក់ បាននាំសាច់ញាតិ មកចោមរោមគំរាមកំហែងវាយដំមកលើរូបគាត់ អោយព្រមប្រគល់សពម្តាយអោយពួកគេ ក្នុងពិធីបុណ្យសពតែម្តង ព្រោះចង់យកទៅបញ្ចុះនៅកន្លែងផ្សេង។

ស្របពេលជាមួយគ្នានេះ នៅពេលដែលរៀបបញ្ជូនសពម្តាយចេញទៅបញ្ចុះ(តាមបណ្តាំ) ពួកគាត់ក៏បានវាយធ្វើបាបគាត់ សូម្បីតែអាជ្ញាធរស្រុក និងប៉ូលីស សុខចិត្តឈរមើលទាំងភាពអយុត្តិធម៌ បើទោះបីជាគាត់ បិទបណ្តាំម្តាយនៅខាងមុខរោងបុណ្យយ៉ាងណាក្តី គឺពួកគាត់ឆ្លើយថា អាជ្ញាធរយកសម្លេងភាគច្រើន ឯរឿងបណ្តាំជារឿងក្នុងគ្រួសារ។ ត្រង់ចំនុចបងថ្លៃ ប្រើហឹង្សាមកលើរូបលោក ពួកគាត់មើលមិនឃើញទេ តើឯណាទៅយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយ ដូចនេះ មានតែថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសម្តេចពុក សម្តេចម៉ែទេ ដែលអាចផ្តល់យុត្តិធម៌ដល់រូបលោកបាន។

ជាមួយគ្នានោះ លោក ស៊ុន ជីវលី ច្រានចោលសំដីបងស្រីដែលបានចោទប្រកាន់ខ្លួនលោកថា គ្មានលទ្ធភាព យកសពម្ដាយទៅធ្វើបុណ្យ តែលោកបានរៀបចំធ្វើបុណ្យសពមិនដូចការចោទប្រកាន់ពីបងស្រីលោកឡើយ ហើយលោកបានធ្វើតាមបណ្ដាំម្ដាយបានផ្ដាំមុនពេលគាត់ស្លាប់ឲ្យយកទៅបញ្ចុះនៅវត្តតាមបណ្ដាំម្ដាយ។

ជុំវិញរឿងដណ្តើមសពម្តាយទៅបញ្ចុះទីកន្លែងផ្សេងគ្នានេះ ភាគីបងស្រីបង្កើតទាំង២នាក់ (មានឈ្មោះ ស៊ុន វន្នី និងឈ្មោះ ស៊ុន វណ្ណា) ដែលកំពុងមានជម្លោះជាមួយប្អូនពៅឈ្មោះ ស៊ុន ជីវលី។

គួររម្លឹកផងដែរថា ករណីនេះកើតឡើងនៅក្នុងពិធីបុណ្យសពម្តាយរបស់លោក កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ស្ថិតនៅភូមិ២ ឃុំទំនប់ថ្មី ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោក តឹក សិរីវិចិត្រ ជាមេធាវីការពារក្តីឲ្យលោក លោក ស៊ុន ជីវលី និងអ្នកស្រី ចំរើន រតនា បានឲ្យដឹងថា ក្នុងនាមលោកជាមេធាវីការពារក្តី ក្នុងសំណុំរឿងព្រហ្មទាន់ដែលកូនក្តីបានដាក់ពាក្យបណ្តឹងរឿង “ហឹង្សាដោយចេតនា មានស្ថានទំងន់ទោស និងរំលោភលើលំនៅឋាន” បន្ទាប់ពីមានបែបនេះ លោក ស៊ុន ជីវលី និងស្រីលោកប្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ អស់រយៈពេលប្រមាណជាង១០ខែ តំណាងអយ្យការនៃសាលាដំបូងខេត្ត បានដំកល់រឿងក្តីមិនចាត់ការ បន្ទាប់មកលោកបានដាក់ពាក្យបណ្តឹងបន្តមកសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ មកដល់រសៀលថ្ងៃទី១៩ ខែកញ្ញានេះ លោកនិងកូនក្តីបានចូលបំភ្លឺតាមការកោះហៅ ដោយការពារជូនស្រាយបំភ្លឺ ក្នុងនីតិវិធីលោកបានដាក់ភស្តុតាង រួមទាំងសាក្សីមួយចំនួនជូនតុលាការរួចរាល់ ដើម្បីធ្វើសេចក្តីសម្រេច។

យ៉ាងណាមិញចំពោះរឿងក្តីនេះ ក្នុងនាមលោកជាមេធាវីសង្ឃឹមខ្ពស់ថា តុលាការនឹងរកយុត្តិធម៌ឲ្យបានពេញលេញ និងត្រឹមត្រូវបំផុតជូនកូនក្តីរបស់លោក៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement