Connect with us

Hi, what are you looking for?

ពីនេះ ពីនោះ

វិចារណកថា : គ្រោះរបស់ជាតិ ជាឱកាសរបស់ជនពុករលួយ

ស្ថានភាពផ្លូវត្រង់ចំណុចអូរងើយកាលពីចុងសប្តាហ៍កន្លងទៅ

ផ្លូវគឺជាសរសើរឈាម , សរសៃឈាមមានបញ្ហាធ្វើឱ្យមនុស្សមានពិការភាពឬស្លាប់ ។ ចំណែកផ្លូវមានបញ្ហាក៏ក៏ដូច្នេះដែរ។ វានឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសប្រឈមនឹងគ្រោះថ្នាក់ ។ នេះជាទស្សនៈសកល ។

ស្ថានភាពផ្លូវត្រង់ចំណុចអូរងើយកាលពីចុងសប្តាហ៍កន្លងទៅ

ដោយសារតែការមើលឃើញដូច្នេះ អតីតនាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេច ហ៊ុន សែន បានប្រឹងប្រែងយកអស់ពីសមត្ថភាព ដើម្បីស្ថាបនាផ្លូវ ដើម្បីភ្ជាប់ផ្លូវគ្រប់ច្រកល្ហក សូម្បីផ្លូវលំ ផ្លូវគ្រួស ផ្លូវដីក្ដី ។ ដោយសម្ដេចប្រកាន់ទស្សនៈថា ” មានផ្លូវ មានសង្ឃឹម ” ។

កាលពីប៉ុន្មានឆ្នាំមុន ផ្លូវក្នុងទីក្រុង Fukuoka ភាគខាងត្បូងកោះ Kyushu ប្រទេសជប៉ុន បានបាក់ស្រុតជម្រៅ១៥ម៉ែត្រ និងមានទំហំ៣០ម៉ែត្រ គុណនិង ២៧ម៉ែត្រឯហ្នុះ ហើយត្រូវបានគេជួសជុលឡើងវិញដោយចំណាយពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ។ នេះជាការបង្ហាញឲ្យឃើញពីឆន្ទៈ និងឧត្តមគតិប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ស្ថាប័នជំនាញផ្លូវថ្នល់ជប៉ុន ។

ប៉ុន្តែពេលនេះសម្រាប់កម្ពុជាវិញត្រូវបានគេមើលឃើញថា វាពិតជារឿងអកុសលណាស់ ខណៈផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរងើយ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរីភ្ជាប់ខេត្តភាគឦសាន ដែលបាក់ស្រុតត្រឹមតែប្រវែងដែលកង្កែបអាចលោតឆ្លងបាន ត្រូវបានគេអូសបន្លាយការជួសជុលរហូតដល់ជិត៥ខែ នៅតែមិនទាន់រួច ។

បញ្ហានេះបានធ្វើឲ្យលំហូរគមនាគមន៍ សេដ្ឋកិច្ច ទេសចរណ៍ ។ល។ និង។ល។ ត្រូវជាប់គាំងក្រញ៉ង់ ។ ប្រជាពលរដ្ឋបានត្អូញត្អែរស្ទើរតែគ្រប់គ្នាពីទំនិញឡើងថ្លៃ គ្រប់សារពើ , ចំណែកអ្នកលក់ដូរ ក៏លើកឡើងពីការលក់មិនដាច់ដោយសារលក់ក្នុងតម្លៃខ្ពស់ ព្រោះផ្លូវដាច់ ទំនិញត្រូវនាំចូលពីយួន ។ ហើយដោយសារតែការលក់មិនដាច់បានធ្វើពួកគេបិទហាង បិទតូប ជាបណ្ដើរៗ ។

ទាំងនេះគឺជាគ្រោះរបស់ជាតិ និងប្រជាពលរដ្ឋ ។ ប៉ុន្តែវាក៏អាចជាឱកាសល្អ ជាលាភរបស់មន្ត្រីពុករលួយផងដែរ ។ ខណៈដែលមានសេចក្ដីរាយការណ៍ខ្លះថា អំឡុងវិបត្តិនេះ លោកប្រធានមន្ទីរសាធារណៈកម្មដឹកជញ្ជូនខេត្ត មណ្ឌលគិរី បែរជាមានលុយខ្ទង់លានដុល្លារទិញដី ទាំងនៅក្នុងក្រុងសែនមនោរម្យ ក៏ដូចជាខេត្តឧត្តរមានជ័យ និងដើរផឹកស៊ីយ៉ាងសប្បាយធ្វើព្រងើយ ដោយមិនខ្វល់អ្វីទាំងអស់ ។

រឿងហ្នឹងលោកអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ ស៊ុន ចាន់ថុល ដោយដឹងពីអំពើពុករលួយស្អុយច្រាសខ្យល់របស់ស្ថាប័នលោក ក៏ធ្លាប់បានលើកឡើងជាសាធារណៈ ផងដែរ ជុំវិញករណី “ចាក់ក្រាស់ស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស់” និងអូសក្រឡាស៊ីលុយគម្រោងជាដើម ។ ប៉ុន្តែគេកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះនៅតែមិនអាចកែឡើងដដែល ព្រោះតែកង្វះឆន្ទៈរបស់ក្រុមមន្ត្រីខ្មែរ ដែលចេះត្រឹមតែទាក់ឆាន់ ។ ដូច្នេះរដ្ឋាភិបាលថ្មីគួរតែពិចារណាហើយថា តើគួរអោបក្រសោបទុកក្រុមមន្ត្រីបែបនេះឲ្យប្រទេស និងរាស្ត្ររងគ្រោះបន្តទៀតឬយ៉ាងណា ? ៕

Advertisement
Advertisement