Connect with us

Hi, what are you looking for?

ក្នុងស្រុក

សង្គមស៊ីវិល និងសហគមន៍ចង់ឱ្យមានការត្រួតពិនិត្យដោយតម្លាភាពលើក្រុមហ៊ុន TSMW ករណីលួចកាប់បំផ្លាញព្រៃឈើនៅភ្នំក្រឡាពស់

ស្ទឹងត្រែង : ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ក៏ដូចជាសហគមន៍ប្រជាពលរដ្ឋបានបញ្ជាក់ថា គេចង់ឱ្យមានការត្រួតពិនិត្យដោយតម្លាភាពដោយមានការចូលរួមពីពួកគេ និងអង្គការអន្តរជាតិទទួលបន្ទុកផ្នែកព្រៃឈើ និងបរិស្ថានផងដែរ ទៅលើក្រុមហ៊ុន TSMW ពាក់ព័ន្ធករណីកាប់បំផ្លាញព្រៃឈើក្នុងបរិវេនក្រុមហ៊ុន និងលួចកាប់ក្រៅទីតាំងក្រុមហ៊ុននៅចំណុចតំបន់ការពារ ភ្នំក្រឡាពស់ ក្នុងភូមិសាស្ត្រ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ពួកគេបានលើកឡើងថា ជាងមូយឆ្នាំមកហើយដែលក្រុមហ៊ុនមកបោះទីតាំងនៅទីនេះ យុទ្ធនាការ នៃការកាប់បំផ្លាញព្រៃឈើត្រូវបានធ្វើយ៉ាងគ្រឹកគ្រេង ដោយបានដឹកជញ្ជូនទៅដាក់ក្នុងបរិវេណក្រុមហ៊ុនដើម្បីបំប្លែងបំភ័ន្តសាធារណៈថា ជាឈើស្របច្បាប់ ហើយអារច្រៀកដឹកចេញតាមរថយន្តប្រភេទV1 ខ្នាតយក្ស ពីរោងម៉ាសុីនអារឈើក្រុមហ៊ុន ដោយមានសាឡាងរង់ចាំចម្លងឆ្លងទន្លេសេសាន ទាំងថ្ងៃ ទាំងយប់ ខួបប្រាំង-វស្សា ទៅកាន់ទីផ្សារទាំងក្នុង និងក្រៅស្រុក ។

ប្រភពថា ត្រាក់ទ័រ រថយន្តប៉ាកុង និងរថយន្តកែច្នៃធំៗជាច្រើនគ្រឿង បន្លឺសំឡេងខ្ទ័រពេញព្រៃ នាំឈើពីក្រៅចូលក្នុងបរិវេណក្រុមហ៊ុនយ៉ាងរន្ថាន់ដែលធ្វើឱ្យមានការរិះគន់យ៉ាងចម្រូងចម្រាស់ទាំងក្នុង និងក្រៅស្រុក ។

ជាការឆ្លើយតបចំពោះករណីខាងលើកាលពីថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺដោយច្រានចោលរាល់ការរិះគន់ដោយថា ក្រុមហ៊ុនមានច្បាប់ ហើយថ្ងៃជាមួយគ្នាខាងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក៏បានចម្លងមកបន្ទរតាមផងដែរ ។

ទាក់ទងករណីនេះឈ្មោះ សេង ហៅ សេង រចនា ឬJing87ដែលគេស្គាល់ថា ជាអ្នកកាន់កញ្ចប់លុយសូកប៉ាន់ស្ថាប័នពាក់ព័ន្ធនោះបានប្រាប់ ANN កាលពីថ្ងៃទី ២៥ កុម្ភៈម្សិលមិញថា ក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវ ហើយក្រុមហ៊ុនដាំដើមចេកទេ ។

យ៉ាងណាក៏ដោយក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបាននិយាយថា ការបកស្រាយទាំងនោះគ្រាន់តែជាការការពារ ដល់ឧក្រិដ្ឋកម្មព្រៃឈើដែលប្រព្រឹត្តដោយក្រុមហ៊ុនTSMW តែប៉ុណ្ណោះ ។ ហើយថា ដើម្បីតម្លាភាពការពារផលប្រយោជន៍ជាតិកុំឲ្យបាត់បង់ក្នុងដៃឈ្មួញទុច្ចរិត រដ្ឋត្រូវតែបើកទ្វារក្រុមហ៊ុននេះប្រយោជន៍ឲ្យមានការត្រួតពិនិត្យជាសាធារណៈ ។ ហើយបើរកឃើញថា ក្រុមហ៊ុនបានបំពានត្រូវតែចាត់វិធានការច្បាប់ឲ្យបានធ្ងន់ធ្ងរ ។

សូមបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េ ហីរ៉ាយហ្សិន អេហ្គ្រី ខលឈ័រ ឌីវេឡុបមេន បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំ ជាង៩៧៨៨ ហិកតា កាលពីថ្ងៃទី ១១ មីនា ឆ្នាំ ២០២២ នៅក្នុងស្រុក បុរីអូរស្វាយ ស្រុកសេសាន និងស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែង ។ ភ្លាមៗក្រុមហ៊ុនកូរ៉េមួយនេះ ក៏បានផ្ទេរទៅឲ្យក្រុមហ៊ុនTSMW ដែលគ្រប់គ្រងដោយឈ្មោះសូ សារ៉ាន រយៈពេល៥០ឆ្នាំ ដើម្បីដាំដើមកៅស៊ូ និងដើមប្រេងខ្យល់ ៕

រង្វង់លឿងជាដីក្រុមហ៊ុន ក្រហមទីតាំងក្រុមហ៊ុនលួចកាប់ឈើ(រូប ហ្គោហ្គល)

ឡានដឹកឈើសហគមន៍ថតបាន នៅចំណុចក្បែរៗបរិវេទក្រុមហ៊ុន

 

Advertisement
Advertisement