Connect with us

Hi, what are you looking for?

ក្នុងស្រុក

វិចារណកថា : ករណីបង្ក្រាបរ៉ែមាសនៅចុងផ្លាស់ ជាជោគជ័យ ឬបរាជ័យ ?

ក្រសួងរ៉ែ និងថាមពលកាលពីពេលថ្មីៗនេះបានប្រកាសពីភាពជោគជ័យដ៏មហិមាចំពោះការបង្ក្រាបករណីរុករករ៉ែខុសច្បាប់រយៈពេល៣ថ្ងៃ(២៨ កុម្ភះ-០១ មីនា ២០២៤) នៅតំបន់មេសំ ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តបណ្ឌលគិរី ទៅលើក្រុមអ្នកភូមិដែលមានដើមកំណើតនៅទីនោះ និងមានជីវភាពក្រីក្រ។

ក្រសួងបានចាត់ទុកសកម្មភាពរករ៉ែរបស់ពួកគេថា ជាសកម្មភាពធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ពុំមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងធ្វើឲ្យខាតបង់ចំណូលពន្ធជាតិ ។ ដោយមើលឃើញដូច្នេះ កាលពីឆ្នាំ ២០១៧ ក្រសួងក៏ធ្លាប់បានចុះបង្ក្រាបយ៉ាងសាហាវផងដែរ បើទោះបីជាដឹងថា ពលរដ្ឋក្រីក្រទាំងនោះរស់ផ្ញើជីវភាពទៅលើការែងមាសជាលក្ខណៈគ្រួសារតាំងតែពីឆ្នាំ ១៩៨៧ មកក្ដី។ ប៉ុន្តែពលរដ្ឋខ្លះថា នេះជារបរប្រពៃណីរបស់ពួកគាត់ដែលមានតាំងពីដូនតាមកម៉្លេះ ។ ហើយសម្រាប់ពេលនេះ ដោយសារតែភោគទ្រព្យធម្មជាតិចេះតែថមថយ ការប្រឹងប្រែងដោយកម្លាំង និងដំណក់ញើសរបស់ពួកគាត់ស្ទើរតែមិនគ្រប់បង់បំណុលធនាគារផង ។

ប៉ុន្តែបើទោះជាដូច្នេះក្ដី ការថ្ងួចថ្ងូររបស់ពលរដ្ឋដែលមានជីវភាពតោកយ៉ាងរស់ក្រោមដំបូលស័ង្កសីដ៏ពព្រួកទាំងនោះពុំមានតម្លៃសម្រាប់ការពិចារណារបស់ក្រុមមន្ត្រីឡើយ ។ ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ យុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំទៅលើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសាររបស់ពួកគេត្រូវបានបិទបញ្ចប់ទាំងស្រុង ។ វាគឺជាភាពជោគជ័យដ៏អស្ចារ្យ ។

ប៉ុន្តែមជ្ឈដ្ឋានជាច្រើនបានចោទសួរថា ឲ្យប្រាកដទៅ តើវាជាជោគជ័យ ឬបរាជ័យ  ? ការបាត់បង់មុខរបរ បាត់បង់ចំណូល មិនខុសណាពិការបាត់បង់ជីវិតឡើយ ។ ដូច្នេះយុទ្ធនាការ នៃការបង្ក្រាបអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសាររបស់អ្នកភូមិមេសំ គឺគ្រាន់តែជាការធ្វើ ដើម្បីធ្វើ…ធ្វើដើម្បីតែផ្គាប់ចិត្តក្រុមហ៊ុនរ៉ែបរទេសដែលនៅក្បែរនោះតែប៉ុណ្ណោះ ដែលប្រៀបបាននឹងការឆក់ប្លន់មុខរបររបស់ពលរដ្ឋខ្លួនទៅបំពោកឲ្យក្រុមហ៊ុនបរទេសដូច្នោះដែរ ដែលវាជាការបរាជ័យដ៍អាម៉ាស់ខាងសម្បជញ្ញ: និងទំនួលខុសត្រូវ ។

នៅប្រទេសអូស្ត្រាលីអ្នកស្រុកដើមរបស់គេបានទទួលការគោរពយ៉ាងពេញលេញពីច្បាប់ក្នុងការប្រកបមុខរបរដែលជាប្រពៃណី ហើយក្នុងករណីដែលមានប៉ះពៀរដោយច្បាប់ដែលទើបបង្កើត គេក៏ផ្លាស់ប្ដូរមុខរបរថ្មីឲ្យដែលទទួលបានផលប្រយោជន៍ប្រសើរជាងមុន ។ ក្នុងករណីនេះក្រសួងរ៉ែ និងថាមពលគួរតែពិចារណាឡើងវិញ ថាតើគួរទទួលយកភាពជោគជ័យដោយទុកឲ្យពលរដ្ឋរបស់ខ្លួនបរាជ័យ ស្លាប់ដោយបាត់បង់ការងារ បាត់បង់ជីវភាព ឬយ៉ាងណា ? ៕

Advertisement
Advertisement