Connect with us

Hi, what are you looking for?

ក្នុងស្រុក

១៥ថ្ងៃ សមត្ថកិច្ចរកឃើញដីព្រៃរាប់ពាន់ហិកតានៅស្រុកពេជ្រាដា ត្រូវបានបំផ្លាញ និងចាប់ខ្លួនមនុស្ស៦នាក់

មណ្ឌលគិរី : ក្រុមមន្ត្រីបាននិយាយថា សមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តមណ្ឌលគីរីបានប្រើប្រាស់ពេលវេលា ១៥ថ្ងៃ (០៥ មីនា-២០មីនា-២៤) ក្នុងបេសកកម្មបង្ក្រាបទល្មើសព្រៃឈើជាច្រើនទីតាំងក្មុងស្រុកពេជ្រាដា បានរកឃើញដីព្រៃរដ្ឋរាប់ ពាន់ហិកតាត្រូវបានកាប់ដុតបំផ្លាញ និងច្បាមយកធ្វើជាកម្មសិទ្ធិ ។

ដើមឈើធំៗត្រូវបានគេកាប់ផ្ដួលយ៉ាងរណូករណែល និងដុតបំផ្លាញមានថ្មីមានចាស់នៅចំណុចភូមិឡាំមិះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ។ សមត្ថកិច្ចដែលមានកាំភ្លើងច្រូងច្រាងក្នុងដៃ បានផ្ដួលរោងធ្វើពីឈើប្រក់ស័ង្កសីចាស់ៗដែលមានគំនរដើមដំឡូងមីនៅក្បែរនោះរបស់អ្នកភូមិ រួចដុតបំផ្លាញ ។

លោក ក្រាំង តុលា ជនជាតិដើមភាគតិចព្នងបានសម្ដែងប្រតិកម្មប្រាប់ ann នាព្រឹកថ្ងៃទី២១ មីនា នេះថា លោកឈឺចាប់ណាស់ , លោកថា ពលរដ្ឋក្នុងឃុំប៊ូស្រា មានប្រមាណជិត ២ ពាន់ គ្រួសារ ហើយក្នុងមួយគ្រួសារមានដីសម្រាប់ធ្វើចំការប្រមាណពី២-៣ហិកតា ប៉ុណ្ណោះ ខុសពីពួកអ្នកមានលុយមានអំណាចដែលមានដីនៅក្បែរនោះម្នាក់ៗរាប់ពាន់ រាប់ម៉ឺនហិកតា ដែលមិនត្រូវបានច្បាប់ដាក់សម្ពាធ ។ លោកថា ការបង្ក្រាបរឹបអូសដីធ្លីរបស់ពួកគេធ្វើឲ្យពួកគេបាត់បង់ជីវភាព ជាប់បំណុលធនាគារ ហើយពួកគេនឹងលើកគ្នាទៅដេកនៅសាលាខេត្តដើម្បីឲ្យអភិបាលខេត្តជួយដោះស្រាយ។

បើតាមលោក ក្រាំង តុលា អំឡុងការបង្ក្រាបមានមនុស្សយ៉ាងហោចណាស់៦នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមាន២នាក់ជាអ្នកចាំដីឲ្យលោកធំ ៤នាក់ទៀតជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិច ។ ប៉ុន្តែតាមដែលលោកដឹងគឺបានដោះលែង៣នាក់ហើយ ។

ពាក់ព័ន្ធករណីនេះលោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដាមិនអាចសុំធ្វើអត្ថាធិប្បាយបានទេ ដោយលោកបង្វែរសំណួរឲ្យទៅសួរជំនាញបរិស្ថានវិញ ៕

Advertisement
Advertisement