Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នាព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះប្រារព្ធធ្វើនៅបរិវេណស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ គឺឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ខេត្ត ក្នុងការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុលអាចបង្កផលប៉ះពាល់ដល់បរិស្ថានជុំវិញ ដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវៈចម្រុះ និងឆ្នេរសមុទ្រជាដើម។ល។ គោលបំណងបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយឱ្យក្លាយជាទឹកដែលស្អាតស្របតាមស្តង់ដារបរិស្ថានមុននឹងបញ្ចេញចោលទៅសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយរបស់ MABR ទទួលស្គាល់ថា ជាបច្ចេកវិទ្យាមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់។ សន្សំសំចៃថាមពលគ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុផារ៉ា និងបានស្ថាបនារួចរាល់ជាស្ថាពរ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ មានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤ សាងសង់ដោយក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (XWATER TECHNOLOGY CO.,LTD) ចំណាយថវិកា សរុបចំនួន ១៩.៩៥៩.៩០០ដុល្លារអាមេរិក។ ដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់របស់ស្ថានីយ៍នេះ បែងចែកជា ៩ដំណាក់កាលសំខាន់ៗដូចខាងក្រោម ៖

១.អាងចម្រោះបឋម ដកសំរាមទំហំធំជាង ២០mm និងបូមទឹកកខ្វក់បញ្ជូនទៅអាងចម្រោះទី២ ។ ២.អាងចម្រោះទី២ បន្តដកសំរាមធំជាង ១mm និងដកខ្សាច់ ដើម្បីធានានូវដំណើរការរបស់ MABR អោយមានប្រសិទ្ធភាពខ្ពស់។ ៣.អាង SELECTOR ទទួលភក់សកម្មប្រើប្រាស់ឡើងវិញ និងបន្តក់សារធាតុចិញ្ចឹមក្នុងករណីខ្វះភក់សកម្ម។ ៤.អាងភ្នាសជីវសាស្ត្រ (MABR) ជាស្នូលនៃដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់ មាននាទីដកសារធាតុពុល។ ៥.អាង CAS ដកសារធាតុពុលដែលនៅសេសសល់។ ៦.អាងពង្រឹង CLARIFIER ញែកទឹក និងភក់សកម្ម។ ៧.អាងសំបុកឃ្មុំ (LAMELLAR) ធ្វើឱ្យទឹកថ្លា ដោយការប្រើប្រាស់សារធាតុបណ្ដុំកករ PAC និង PAM។ ៨.អាងបង្ខាប់ភក់ និងអាងស្តុកភក់ ភក់នេះត្រូវបានបញ្ជូនទៅម៉ាស៊ីនកៀបភក់។ ៩.ប្រព័ន្ធ UV កំចាត់បាក់តេរីដែលនៅសេសសល់។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ក៏បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុនេះគឺជាការយកចិត្តទុកដាក់គិតគូររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសម្រេចដាក់ចេញគោលការណ៍ស្លឹកត្នោតខ្ចប់ស្ករត្នោត និងដកថវិកាសន្សំរបស់ជាតិចំនួន ១០០លានដុល្លារ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុ។ក្នុងនោះក្រុមការងារនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចការនឿយហត់ ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែ ប្រវែង ៤៨៤.០៦៥ម៉ែត្រ បន្ទប់ទឹកសាធារណៈ ការកសាងរូបបដិមា ស្លាកអក្សរ «ខ្មែរធ្វើបាន» ទីលានតេជោស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលផ្សេងៗជាច្រើនទៀត បានបញ្ចប់ជាស្ថាពរដោយជោគជ័យទទួលបានការគាំទ្រសាទរ និងមានការ គោរពកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនប្រជាជន។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា នៅពេលដែលកំណើនប្រជាពលរដ្ឋ កំណើនការអភិវឌ្ឍ កំណើនភ្ញៀវទេសចរមានការកើនឡើងច្រើនទាមទារឲ្យយើងរៀបចំនូវងស្ថានីប្រព្រឹត្តិកម្មចម្រុះទឹកកខ្វក់ទោះបីថ្ងៃនេះយើងទទួលបានស្ថានីយចម្រុះទឹកកខ្វក់ថ្មីក៏ប៉ុន្តែយើងត្រូវរួមគ្នាបន្តគិតគូរទៅថ្ងៃមុខរាល់ទឹកកខ្វក់ត្រូវតែមានការចម្រោះមុននឹងបង្ហូរទៅក្នុងសមុទ្រ។

ដោយមានការយកចិត្តទុកដាក់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាច ក្រកម្ពុជា នៅតែបន្តរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយធានាបាននូវដំណើរការជំរុញកំណើនសេដ្ឋកិច្ចតាមការតាមរយៈការជំរុញធ្វើកំណែទម្រង់នានាដោយការទទួលខុសត្រូវ និងឈានទៅសម្រេចសមិទ្ធផលថ្មីៗទៀត ក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍមាតុភូមិ ។ ទន្ទឹមនេះ បញ្ចកោណទី២ មុំទី១ បានផ្តោតលើអាទិភាពគឺការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋ កិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ តំបន់ឧស្សាហកម្មជាដើមដោយកំណត់យន្តការអនុវត្តឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយនិងការរៀបចំផែនការមេអភិវឌ្ឍ បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ។

គួរបញ្ជាក់ផងដែថា៖ ខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន០៣៖ស្ថានីយប្រព្រឹត្តកម្មទឹកក ខ្វក់ទី១មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ស្ថានីយប្រព្រឹត្តកម្មទឹកក ខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ។ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងទទួលទឹកក ខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតា៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement