Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម រយៈពេល០៥ថ្ងៃ នៅទីលានតេជោ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» នាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយលោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ ក្រុមអ្នកវិនិយោគជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ដ៏មានសារៈសំខាន់នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រងនៃខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមថា «តារារៈនាទិសនិរតី»។ ការបង្កើតនូវព្រឹត្តិការណ៍នេះ គឺក្នុងគោលបំណង៖

ទី១. បង្កើនការទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

ទី២. ជម្រុញការវិនិយោគ បង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ។

ទី៣. ជម្រុញការផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ។

ទី៤. ពង្រឹងកិច្ចសហប្រតិបត្តិការ ជម្រុញការវិនិយោគផ្នែកទេសចរណ៍ និងពាណិជ្ជកម្មខេត្តតំបន់ឆ្នេរនៃប្រទេសកម្ពុជា វៀតណាម ថៃ ឱ្យកាន់តែរីកចម្រើន។

ក្នុងព្រឹត្តិការណ៍នេះដ៏ពិសេសពិសាលនេះ អភិបាលខេត្តអរគុណដល់ក្រសួងទេសចរណ៍បានសហការរៀបចំឡើងនូវកម្មពិធីពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជា អមដោយការតាំងពិព័រណ៍ ការប្រគុំតន្ត្រី ការសម្តែងសិល្បៈ បង្ហាញពីសកម្មភាពវប្បធម៌ផ្សេងៗ កិច្ចប្រជុំ ស្ដីពីការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្ដាខេត្តជាប់មាត់សមុទ្រនៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC) រយៈពេល០៥ថ្ងៃ គឺទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍អញ្ជើញបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយជំរុញ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការវិនិយោគពីគ្រប់មជ្ឈដ្ឋាន ពិសេសទេសចរ ធុរកិច្ចជន និងវិនិយោគិនមកពីបណ្តាខេត្តជាប់តំបន់ឆ្នេរនៃប្រទេសទាំងបី “កម្ពុជា-ថៃ-វៀតណាម” ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC) ត្រូវបានប្រារព្ធជាលើកដំបូងនៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ និងលើកចុងក្រោយនៅខេត្តព្រះសីហនុ ឆ្នាំ២០២៣ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម ការដឹកជញ្ជូន និងទេសចរណ៍ក្នុងខេត្តជាប់ឆ្នេរសមុទ្រប្រទេសទាំងបី ដែលមានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប (កម្ពុជា) នៅខេត្តកាម៉ៅ និងគៀងយ៉ាងរបស់វៀតណាម ព្រមទាំងខេត្តឈុនបុរី រ៉ាក់យ៉ង ចន្ទបុរី និងខេត្តត្រាត នៃព្រះរាជាណាចក្រថៃ។

ខ្ញុំមានសង្ឃឹមថា តាមរយៈនៃការរៀបចំ «ពិពរណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ឆ្នាំ២០២៤» នៅលើទឹកដីខេត្តព្រះសីហនុ នឹងជួយជំរុញការអភិវឌ្ឍទេសចរណ៍ខេត្តតំបន់កាន់តែរីកលូតលាស់ជំរុញកំណើនសេដ្ឋកិច្ចខេត្ត ក៏ដូចប្រទេសកម្ពុជា៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement