Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពិធីប្រកាសព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ និងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្ត គម្រោងបង្កើនភាពធន់ និងការប្រែប្រួលអាកាសធាតុតាមរយៈការពង្រឹងប្រសិទ្ធភាព នៃការ គ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ដែលបានរៀបចំនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ដែលមានទំហំផ្ទៃដីសរុប ១០.៩២៣ហិកតា និងមានព្រៃកោងកាង ២.៨៧៦ហិកតា និងស្មៅសមុទ្រប្រមាណ ២ហិកតា ក្នុងគោលបំណង ដើម្បីគ្រប់គ្រងធនធានជលផល ជីវៈចម្រុះសមុទ្រជាប្រភព នៃការបង្កើតចំណីអាហារមិនចេះរីងស្ងួតនៅក្នុងតំបន់ព្រែកកំពង់ស្មាច់ប្រកបដោយនិរន្តរភាព ធានាបានប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ឱ្យកាន់តែប្រសើរឡើងធានាដល់ការនេសាទជាលក្ខណៈគ្រួសារ ដើម្បីលើកស្ទួយជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកស្ទួយវិស័យអេកូទេសចរណ៍ និងពង្រឹងភាពធន់ នៃការប្រែប្រួលអាកាសធាតុជាដើម ដោយជាមួយគ្នានោះផងដែរឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលជលផលដែលបានគាំទ្រ និងសម្របសម្រួលការងារបច្ចេកទេស សម្រាប់ការរៀបចំបង្កើតព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ ហើយក្នុងនោះឯកឧត្តមសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីមិនគិតពីការនឿយហត់ រហូតដល់ព្រែកកំពង់ស្មាច់ ត្រូវបានប្រកាសជាតំបន់គ្រប់គ្រងជលផលសមុទ្រនាពេលនេះ។

ឯកឧត្តមបន្តថា មុនដល់តំណាក់កាលនេះ យើងបានជួបបញ្ហា ប្រឈមជាច្រើន នៃការថែរក្សាអភិរក្ស និងបានធ្វើការសម្របសម្រួលពីមន្ត្រីជំនាញ និងបទពិសោធន៍ ហើយយើងនៅមានបញ្ហាប្រឈមយ៉ាងច្រើនមុនការសម្រេចចិត្តឈានទៅស្នើសុំក្រសួង ដាក់ជាតំបន់គ្រប់គ្រងជលផលសមុទ្រ ដោយទន្ទឹមនោះយើងធ្វើការកែលម្អ ខិតខំជំរុញការអភិវឌ្ឍបន្តទៀត ហើយយើងក៏ត្រៀមទទួលយកការដោះស្រាយនៅពេលខាងមុខ ថ្ងៃនេះយើងបានអបអរសាទរប្រកាសព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ អាចចាត់ទុកជាជោគជ័យ ដែលបានដាក់ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ ក្នុងខេត្តរបស់យើងទាមទារអ្នកមានជំនាញ ចំណេះដឹង និងបងប្អូននៅក្នុងសហគមន៍រួមគ្នា ដឹកនាំចាត់ចែងថែរក្សាអភិរក្សបន្តទៀត និងស្នើសុំឱ្យក្រុមការងារធ្វើការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នាប្រកបដោយចីរភាពរួមទាំងកន្លែងការពារជលផល ហើយឯកឧត្តមបានសុំឱ្យមានការឯកភាពពីប្រជាពលរដ្ឋនៅ ក្នុងសហគមន៍ចូលរួមដោយផ្ទាល់ ប្រសិនបើយើងមិនគិតគូរពីថ្ងៃនេះទេ វានឹងហិនហោច នៅពេលខាងមុខ ដូច្នេះយើងត្រូវចូលរួមថែរក្សាការពារអភិរក្សដោយផ្ទាល់ ហើយអ្វីដែលយើងខិតខំ គឺដើម្បីបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដោយកុំកាប់រានព្រៃកោងកាង កុំពង្រីកផ្ទៃដីបន្ថែម ចំពោះបុគ្គលគ្នានស្មារតីអភិរក្ស មិនអនុញ្ញាតឱ្យរស់នៅក្នុងតំបន់ការពារជលផលសមុទ្រនោះទេ ដូចនេះយើងត្រូវរួមគ្នាថែរក្សាព្រៃកោងកាងឱ្យដុះលូតលាស់នៅក្នុងសហគមន៍ ពិសេសត្រូវចេះកែច្នៃសក្តានុពលសេដ្ឋកិច្ចពង្រីកផ្ទៃដីដាំដុះកោងកាង ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយផលនេសាទដែលយើងរកបានពីតំបន់អភិរក្សបង្កើនផលសេដ្ឋកិច្ចចូលសហគមន៍របស់យើង ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ កាន់តែប្រសើរឡើង៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement