Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមការងារចម្រុះដែលចុះស្រង់ស្ថិតិប្រជាពលរដ្ឋរស់នៅជាក់ស្តែងក្នុងតំបន់អូរដំរីភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុត្រូវបានសង្ស័យថាកំពុងអនុវត្តផ្ទុយពីខ្លឹមសារនៃសេចក្តីសេចក្តីជូនដំណឹង

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុថ្មីៗនេះបានបង្កើតក្រុមការងារចម្រុះដឹកនាំដោយលោក ចេន រ៉េត នាយករងរដ្ឋបាលខេត្ត ដើម្បីអនុវត្តសេចក្តីជូនដំណឹង ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ស្តីពីការចុះស្រង់ស្ថិតិ អ្នករស់នៅលើដីជាក់ស្ដែង និងស្រង់ស្ថិតិតាមការចង្អុលបង្ហាញ ពំ្រដីដោយភាគីពាក់ព័ន្ធដែលអះអាងថាជាម្ចាស់ដី ស្ថិតនៅតំបន់អូរដំរីក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបានចាប់ផ្តើមពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ កំពុងរងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ដីរស់នៅជាក់ស្តែងក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយសង្ស័យថាក្រុមការងារចម្រុះរបស់ រដ្ឋបាលខេត្តមួយនេះបានអនុវត្តផ្ទុយពីខ្លឹមសារ នៃសេចក្តីជូនដំណឹង។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០៤ ខែមីនាឆ្នាំ២០២៤ ដែលបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ជ្រាបថា ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុនឹងចាត់ក្រុមការងារចុះស្រង់ស្ថិតិអ្នករស់នៅលើដីជាក់ស្តែង និងស្រង់ស្ថិតិតាមការចង្អុលបង្ហាញព្រំដីដោយភាគីពាក់ព័ន្ធដែលអះអាងថាជាម្ចាស់ដី ស្ថិតនៅតំបន់អូរដំរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងគោលបំណងប្រមូលទិន្នន័យម្ចាស់ដីនីមួយៗ ដើម្បីមានមូលដ្ឋានដោះស្រាយទំនាស់ដីធ្លី ដូច្នេះលោក សំ ស៊ីថា តំណាង ក្រុមគ្រួសារយោធា បានប្រាប់ឲ្យដឹងថាក្រុមគ្រួសារយោធាមានចំនួនប្រមាណជាង ៦០គ្រួសារ រហូតមកដល់ពេលនេះនៅមិនទាន់ទទួលបានការវាស់វែងដីធ្លីពីសំណាក់ក្រុមមន្រ្តីជំនាញនៅឡើយទេ បើទោះជាក្រុមគ្រួសារយោធាមានឯកសារផ្លូវច្បាប់ទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានភូមិ/សង្កាត់ រហូតដល់រដ្ឋបាលក្រុងព្រះសីហនុដែលបានបញ្ជាក់ថាជាប្រជាពលរដ្ឋរស់នៅកាន់ជាក់ស្តែងក្នុងតំបន់អូរដំរី ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុក៏ដោយ ក៏ប៉ុន្តែអ្វីដែលគួរកត់សម្គាល់នោះគឺ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តមួយនេះ ហាក់មានភាពលំអៀង និងយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលមានឯកសារទិញលក់ដីដែល(តៗ)គ្នាពីមួយទៅមួយ នៅតំបន់ភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ហើយយកមកធ្វើការវាស់វែងគ្របដីរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅជាក់ស្តែងក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុទៅវិញ ជាក់ស្តែងដូចជាក្រុមរបស់លោក ម៉ន ស៊ីណា លោក ណុប បិន លោក លី សួរ និងក្រុមលោក សូ សុធា (ហៅរាំបូ)ជាដើម ដែលសុទ្ធតែប្រើប្រាស់ឯកសារទិញលក់ដី(ផ្តិតមេដៃគ្នាឯង)ហើយទីតាំងដីក្នុងឯកសាររបស់ពួក គឺសុទ្ធសឹងបញ្ជាក់យ៉ាងច្បាស់ នៅតំបន់ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ មិនមានពាក់ព័ន្ធដីក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុនោះឡើយ នេះបើយោងតាមអនុក្រឹត្យលេខ ០៧ អ ន ក្រ ប ក ស្តីពីការប្តូរខណ្ឌ នៃខេត្តព្រះសីហនុ ទៅជាក្រុងនិងស្រុក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៩ និងផែនទីរដ្ឋបាលខេត្តព្រះសីហនុ លេខ០២២បចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ ដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយជុំវិញបញ្ហាមានបុគ្គលណាយកឯកសារដីធ្លី នៅឃុំអូរត្រេះ ស្រុក ស្ទឹងហាវ មកប្រើប្រាស់រំលោភបំពានយកដីប្រជាពលរដ្ឋក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយលោក ហាក់ ម៉េង មេឃុំអូរត្រេះ ដោយលោកបានធ្វើលិខិតចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មិនទទួលស្គាល់ និងបដិសេដ្ឋផងដែរ ហើយទង្វើទាំងអស់នេះវាជាអយុត្តិធម៏បំផុត និងបញ្ជាក់ឲ្យឃើញថាក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលដឹកនាំដោយ លោក ចេន រ៉េត កំពុងអនុវត្តផ្ទុយពីខ្លឹមសារ នៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តហើយ។

ហើយជាការសំណូមពរ របស់ប្រជាពលរដ្ឋរស់នៅតំបន់អូរដំរី ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ សូមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ មេត្តាដាក់បទបញ្ជាឲ្យក្រុមការងាចម្រុះធ្វើការពិនិត្យឡើងវិញ ពីប្រវត្តិមនុស្ស និងប្រវត្តិដី ក្នុងគោលដៅតែមួយគត់ស្វែងរកភាពច្បាស់លាស់តាមផ្លូវច្បាប់ ដើម្បីផ្តល់ភាពសុក្រិតយុត្តិធម៌ ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងកាន់កាប់ជាក់ស្តែង ដោយជុំវិញករណីខាងលើនេះលោក ឃៀង ភារម្យ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាការចុះស្រង់ស្ថិតិអ្នករស់នៅលើដីជាក់ស្ដែង ដីស្ថិតនៅតំបន់អូរដំរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងគោលបំណងប្រមូលទិន្នន័យម្ចាស់ដីនីមួយៗដើម្បីមានមូលដ្ឋានដោះស្រាយទំនាស់ដីធ្លីស្ថិតនៅតំបន់អូរដំរីនេះប៉ុណ្ណោះ ហើយមិនមែនវាស់វែងស្រង់ស្ថិតិ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ឬភាគីណាមួយ ឡើយ ដូចនេះសូមបងប្អូនដែលមានការពាក់ព័ន្ធបើកចិត្តឲ្យទូលាយចូលរួមសហការជាមួយ និងក្រុមការងាររដ្ឋបាលខេត្តក្នុងការផ្តល់ព័ត៌មាន ក៏ដូចជាឯកសារដែលមានការពាក់ព័ន្ធគ្រប់ភាគី ដើម្បីប្រមូលទិន្នន័យ និងបូកសរុបជារបាយការណ៍រាយការជូនថ្នាក់ដឹកនាំ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement