Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រជាពលរដ្ឋនៅភូមិអូរដំបូក បញ្ជាក់អំពីមូលហេតុឈានដល់ការដុតស្នាក់ការមន្រ្តីបរិស្ថាននៅចំណុចអូរឡាប៉ង

(រតនគិរី) – ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្រៅ រស់​នៅភូមិអូរដំបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី បានអះអាងថា ការឈានទៅដល់ប្រើប្រាស់អំពើហិង្សាដុតស្នាក់ការរបស់មន្ត្រីបរិស្ថានកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០កន្លងទៅនោះ គឺដោយសាពួកគាត់មានការខឹងសម្បាចំពោះមន្ត្រីបរិស្ថានដែលបានធ្វើការដុតខ្ទមរបស់ពួកគាត់ចំនួន ២ និងបញ្ជាឲ្យរុសរើចេញពីដីបំរុងកសិកម្មរបស់ពួកគាត់។

ពាក់ព័ន្ធទៅនឹងករណីនេះផងដែរ មនុស្សចំនួន ៦នាក់នឹងត្រូវទៅបំភ្លឺនៅសាលាដំបូងខេត្តរតនគិរីនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ ស្អែកនេះ។

លោក គុំ ណៃ ដែលជាប្រធានព្រៃសហគមន៍នៅតំបន់នោះបានឲ្យដឹងថា ដោយផ្អែកលើផែនទីការពារតំបន់ព្រៃរបស់សហគមន៍អូរដំបូក គឺបង្ហាញថា តំបន់ដែលពួកគាត់សង់ខ្ទមចំការ និងកាប់ឆ្ការព្រៃធ្វើកសិកម្មពនេចរនោះគឺស្ថិតក្នុងតំបន់ដីបំរុងកសិកម្មដែលគ្រប់គ្រងដោយសហគមន៍របស់ពួកគាត់ រីឯស្នាក់ការរបស់មន្ត្រីបរិស្ថានដែលពួកគាត់បានដុតកម្ទេចចោលនោះក៏ស្ថិតក្នុងតំបន់នេះផងដែរ។

លោក សាលា ត្រាវ ដែលជាគណកម្មាការសហគមន៍ព្រៃឈើ ហៅកាត់ថា CBS បានឲ្យដឹងថា មុនពេលមន្ត្រីបរិស្ថានបានចុះដុតកម្ទេចខ្ទមចំការរបស់ពួកគាត់នោះ គឺពុំបានចុះអប់រំផ្សព្វផ្សាយ ប្រជុំណែនាំ ឬជូនដំណឹងពួកគាត់ជាមុនឡើយ។

ពលរដ្ឋក្នុងសហគមន៍នៅតំបន់នោះបានលើកសំណូមពរសូមឲ្យមន្ត្រីបរិស្ថាន ចែកឲ្យបានច្បាស់នូវតំបន់ដីកសិកម្មរបស់ពួកគាត់ និងដីតំបន់ច្រករបៀងអភិរក្សជីវចំរុះដើម្បីឲ្យពួកគាត់ចាប់ផ្តើមធ្វើស្រែចំការ និងអាស្រ័យផលក្នុងព្រៃនោះតាមរយ:ការ រកឃ្មុំ ជីកទំពាំង យកជ័រឈើ ដើម្បីដោះស្រាយជីវភាពព្រមទាំងជួយរកយុត្តិធម៌ដល់មនុស្សចំនួន៦នាក់ដែលនឹងត្រូវទៅបំភ្លឺនៅសាលាដំបូងខេត្តនៅថ្ងៃខាងមុខនោះ។

លោក ស៊ូ វ៉ាន់ធិន អភិបាលស្រុកតាវែងបានឲ្យដឹងតាមទូរស័ព្ទថា ផ្អែកលើផែនទីព្រៃសហគមន៍ឆ្នាំ២០១៤ ដែលសហគមន៍កំពុងកាន់កាប់នោះ ពិតជាបានបញ្ជាក់ថាដីបំរុងកសិកម្មរបស់ពួកគាត់ពិតជាមានព្រំប្រទល់រហូតទៅដល់អូរឡាំប៉ងពិតមែន ក៏ប៉ុន្តែផែនទីថ្មីឆ្នាំ២០១៧របស់ក្រសួងបរិស្ថានបានកំណត់ថា នៅតំបន់នោះគឺស្ថិតក្នុងតំបន់ច្រករបៀងអភិរក្សជីវចំរុះ។ រហូតមកដល់ពេលនេះលោកអភិបាលស្រុកក៏ពុំទាន់បានឃើញសេចក្តីប្រកាសណាមួយដែលនិរាករណ៍ចោលផែនទីឆ្នាំ២០១៤នោះឡើយ ចំណែកឯការចុះអប់រំផ្សព្វផ្សាយដល់ប្រជនក្នុងសហគមន៍នោះក៏ដូចជាពុំទាន់បានទូលំទូលាយនៅឡើយ។

លោកអភិបាលស្រុករូបនេះក៏បានបន្តថា លោកនឹងធ្វើរបាយការណ៍ទៅកាន់អភិបាលខេត្តដើម្បីធ្វើការប្រជុំផ្សព្វផ្សាយទៅឲ្យប្រជាពលរដ្ឋឲ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត អំពីផែនទីច្រករបៀងរបស់ក្រសួងបរិស្ថាន។

យ៉ាងណាក៏ដោយ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លោកឲ្យ​ ANN Hot News ដឹងថា រាល់ដីព្រៃទាំងអស់ជារបស់រដ្ឋ ពុំមាននរណាអាចមកកាប់ឆ្ការនោះឡើយ ម្យ៉ាងទៀតដីនេះគឺវាស្ថិតក្នុងតំបន់ច្រករបៀងអភិរក្សជីវៈចំរុះរបស់ក្រសួងបរិស្ថាន។ ហើយពាក់ព័ន្ធករណីដុតខ្ទមរបស់ប្រជាជននោះ គឺវាពុំមែនជាខ្ទមចំការដែលមានដំណាំដាំដុះហើយនោះទេ វាជាខ្ទមដែលប្រព្រឹត្តបទល្មើសកាប់ឆ្ការព្រៃដោយគ្មានការអនុញ្ញាតិ៕

អត្ថបទ៖ ឡុង សារ៉េត

Advertisement
Advertisement