Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទីបំផុត​ក្រសួងទេសចរណ៍​សម្រេច​ដាក់ចេញ​វិធាន​សុវត្ថិភាព និង​ក្រម​ប្រតិបត្តិ​ពិសេស​សម្រាប់​អាជីវកម្ម​ទេស​ចរ​ណ៍​ធំៗ៤ ក្នុង​ដំណាក់កាល និង​ក្រោយ​កូ​វីដ១៩​

(ភ្នំពេញ​) – ក្រសួងទេសចរណ៍​កម្ពុជា កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​សុវត្ថិភាព និង​ក្រម​ប្រតិបត្តិ​សម្រាប់​អាជីវកម្ម​ទេសចរណ៍៤ប្រភេទ គឺ អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​, អាជីវកម្ម​ភោជនីយដ្ឋាន អាហារដ្ឋាន​ទេសចរណ៍​, អាជីវកម្ម​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក ផ្លូវគោក​និង អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ក្នុង​ដំណាក់កាល​កូ​វីដ១៩នេះ។

ក្នុង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទាំងនេះ ក៏​មានការ​កំណត់​នូវ​លក្ខខណ្ឌ​ជាច្រើន ក្នុង​នោះ​មាន​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​ដោយ​ខាន​ពុំ​បាន និង​លក្ខខណ្ឌ​ជម្រើស​ដែល​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ត្រូវ​រៀបចំ​បំពេញ​តាម​លក្ខខណ្ឌ​កំណត់ ហើយ​ក្នុងករណី​ដែល​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ខាងលើ​មិនបាន​បំពេញ​នូវ​លក្ខខណ្ឌ​តម្រូវ​ទេ​នោះ អាច​នឹង​ប្រឈម​នឹង​ការ​ព្យួរ​អាជ្ញា​បណ្ណ​ទេសចរណ៍​មួយ​រយៈ ប៉ុន្តែ​ក្នុងករណី​ដែល​បាន​បំពេញ​នូវ​លក្ខខណ្ឌ​តម្រូវ​បាន​ល្អ បន្ថែម​ដោយ​លក្ខខណ្ឌ​ជម្រើស​មួយចំនួន​ទៀត អាច​នឹង​បាន​ទទួល​នូវ​បណ្ណ​បញ្ជាក់ និង​លិខិត​សរសើរ (Label​) ទទួលស្គាល់​គុណភាព​សេវាកម្ម​ក្នុង​ដំណាក់កាល Covid​-19 ពី​ក្រសួងទេសចរណ៍។

ជាមួយនឹង​ការ​ដាក់ចេញ​ឱ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ក្រម​ប្រតិបត្តិ​ខាងលើ ក្រសួងទេសចរណ៍​ក៏​ដាក់ចេញ​នូវ​សេចក្តី​ណែនាំ «អ្វី​ដែល​គួរ​ធ្វើ និង​អ្វី​មិន​គួរ​ធ្វើ» សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាល​កូ​វីដ១៩ នេះ​ជា​ភាសាខ្មែរ និង​ភាសាបរទេស​ផង​ដែរ។

បើ​តាម​លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ថា ប្រកាស​ស្តី​ពី​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ក្រម​ប្រតិបត្តិ​សម្រាប់​អនុវត្តន៍​នេះ​នឹង​ត្រូវ​ប្រកាស​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០​៕

Advertisement
Advertisement