Connect with us

Hi, what are you looking for?

Uncategorized

ករណី​ទិញ​ផេ​ក facebook មាន Blue Tick Verified ហើយ​បន្ទាប់មក​បាត់​សិទ្ធ​គ្រប់គ្រង នាយក​រដ្ឋា​នព័​ត៌​មាន​វិទ្យា​ប្រាប់​ឲ្យ​ដាក់​ពាក្យ​បណ្តឹង​

ដោយសារតែ​កន្លងមក​ធ្លាប់​មាន​ករណី​លក់​ទំព័រ​ហ្វេ​សបុ​ក (Facebook Page​) រួម​ទាំង Blue Tick Verified ក្នុង​ទីផ្សារ ហើយ​ត្រូវ​បាន​ទិញ​យក​មក​ប្រើប្រាស់​ផ្សព្វផ្សាយ​លក់​ផលិតផល ឬសេវា ជាមួយគ្នា​នេះ ក៏​មាន​ជនរងគ្រោះ​ជាច្រើន​ដែល​បាន​បាត់បង់​សិទ្ធិ​គ្រប់គ្រង​ទំព័រ​ហ្វេ​សបុ​ក (Facebook Page​) ទាំងនោះ​បន្ទាប់ពី​កាន់កាប់​បាន​មួយ​រយៈ និង​ខាតបង់​ប្រាក់​ខ្ទង់ពាន់ ឬម៉ឺន​ដុល្លារ​អាមេរិក ក្នុង​មួយ​ទំព័រ​ហ្វេ​សបុ​ក (Facebook Page​) ដែល​បាន​ទិញ​ពី​ជន​អា​ណាមិ​ក។ ក្នុងករណី​នេះ នាយក​រដ្ឋា​នព័​ត៌​មាន​វិទ្យា នៃ​ក្រសួងមហាផ្ទៃ បាន​ស្នើ​ដល់​ជនរងគ្រោះ​ក្នុងករណី​នេះ គួរ​ដាក់​ពាក្យ​បណ្តឹង។

នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​បាន​ឲ្យដឹង​ថា ទំព័រ​ហ្វេ​សបុ​ក (Facebook Page​) ផ្លូវការ​មួយចំនួន​ត្រូវ​បាន​គេ​លួច​កាន់កាប់​ដោយ​ខុសច្បាប់ ពីសំណាក់​ជន​អា​ណាមិ​ក ហើយ​ជន​អា​ណាមិ​កបាន​ធ្វើការ​ផ្លាស់ប្ដូរ​ជម្រើស​ដើម្បី​បង្វៀង​ពី​ការស្វែងរក​ទំព័រ​ហ្វេ​សបុ​ក (Facebook Page​) ពីសំណាក់​ម្ចាស់​ដើម (ឧទាហរណ៍​÷ បិទ​ដំណើរការ​ពី​ប្រទេស​ជនរងគ្រោះ ផ្លាស់​ប្តូរ​ឈ្មោះ​ផេ​ក និង​តំណរ​ភ្ជាប់​ផេ​ក ជាដើម​)។ បន្ទាប់មក​គេ​ក៏​ធ្វើការ​ផ្សព្វផ្សាយ​លក់​ទំព័រ​ហ្វេ​សបុ​ក (Facebook Page​) ទាំងនោះ​ក្នុង​តម្លៃថោក (ខ្ទង់រយ​ដុល្លារ​អា​មេ​រិក្នុង​មួយ​ផេ​ក) និង​ត្រូវ​បាន​ទិញ​យក​ទៅ​លក់​បន្ត​ដោយ​អ្នករក​លុយ​អន​ឡាញ​មួយចំនួន​ក្នុង​ស្រុក ដែល​តម្លៃ​លក់​បន្ត​មាន​រហូតដល់​ខ្ទង់ម៉ឺន​ដុល្លារ​អាមេរិក។

បន្ទាប់ពី​ជនរងគ្រោះ​កាន់កាប់​ទំព័រ​ហ្វេ​សបុ​ក (Facebook Page​) បាន​មួយ​រយៈ ទំព័រ​ហ្វេ​សបុ​ក ទាំងនោះ​អាច​នឹង​បាត់បង់​ទៅវិញ​ដោយ​សេចក្តី​រាយការណ៍​របស់​ម្ចាស់​ដើម​ទៅកាន់​ក្រុមហ៊ុន Facebook និង​មាន​ករណី​មួយចំនួន​ផ្សេងទៀត ផេ​កទាំងនោះ​ត្រូវ​បាន​ជន​អា​ណាមិ​ក ឬអ្នកលក់​បន្ត​ធ្វើការ​លួច​យក​ទៅកាន់​កាប់​វិញ ហើយ​ជនរងគ្រោះ​ពុំ​អាច​ទាមទារ​សិទ្ធិ​កាន់កាប់​មកវិញ​បាន​ឡើយ។

យ៉ាងណាក៏ដោយ បើ​តាម​មាត្រា ៣៧៧ នៃ​ក្រម​ព្រហ្មទណ្ឌ​បាន​ចែងថា អំពើ​ឆបោក គឺជា​អំពើ​បន្លំ​ចំពោះ​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ណាមួយ ដោយ​ប្រើ​ឈ្មោះ​ក្លែង ដោយ​អះអាង​ទៅលើ​ឋាន:ក្លែង ដោយ​រំលោភ​លើ​ឋាន:ពិតប្រាកដ ឬដោយ​ប្រើ​ឧបាយកល​ទុច្ចរិត ហើយ​ដូច្នេះ​បាន​ទទួល​ពី​បុស​គ្គ​លនេះ ដែល​នាំឲ្យ​ខូចប្រយោជន៍​របស់​បុគ្គល​នេះ ឬរបស់​តតិយជន​នូវ​: ការ​ប្រគល់​មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិ​អ្វីមួយ​, ការ​ផ្គត់ផ្គង់​សេវា​, ការ​ធ្វើ​លិខិត​ដែល​មានតម្លៃ​ជា​កាតព្វកិច្ច ឬជា​ការ​ឲ្យ​រួចពី​កាតព្វកិច្ច។ ហើយ​យោង​មាត្រា ៣៧៨ អំពើ​ឆបោក​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ៦ (ប្រាំមួយ​) ខែ ទៅ ៣ (បី​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១.០០០.០០០ (មួយ​លាន​) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយ​លាន​) រៀល។

មាត្រា ៤២៧ នៃ​ក្រម​ព្រហ្មទណ្ឌ​បាន​ចែងថា អំពើ​ចូល​ទៅដល់ ឬស្ថិតនៅ​នឹង​ប្រព័ន្ធ​ប្រព្រឹត្តិ​កម្ម​ស្វ័យប្រវត្ត​នៃ​ទិន្នន័យ ដោយ​ទុច្ចរិត ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ១ (មួយ​) ខែ ទៅ ១ (មួយ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០០.០០០ (មួយ​សែន​) រៀល ទៅ ២.០០០.០០០ (ពីរ​លាន​) រៀល។

ដូច្នេះ​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា សូម​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​ជៀសវាង​ការទិញ​ទំព័រ​ហ្វេ​សបុ​ក (Facebook Page​) ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់ និង​ត្រូវ​បង្កើត​ទំព័រ​ហ្វេ​សបុ​ក (Facebook Page​) បុគ្គល ឬជំនួញ​របស់​ខ្លួន ដែល​មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​ជាមួយ​ក្រុមហ៊ុន Facebook។ ក្នុងករណី​បងប្អូន​ជា​ជនរងគ្រោះ​នៃ​បទល្មើស​ដូច​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​ទៅ​ដាក់​ពាក្យ​បណ្តឹង​ដល់​អាជ្ញាធរ​មានសមត្ថកិច្ច​៕

Advertisement
Advertisement