Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញ​ករណីជំងឺកូវីដ​១៩ ចំនួន២ករណីបន្ថែមទៀត ជាពលរដ្ឋ​ខ្មែរ​ទើបត្រឡប់មកពីម៉ាឡេស៊ី

ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​នៅព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា គេ​បាន​រកឃើញ​ករណីជំងឺ​កូវីដ​១៩​ចំនួន២ករណីបន្ថែមទៀត ដែលធ្វើ​ឲ្យ​ករណីជំងឺកូវីដ​នៅ​កម្ពុជាកើនដល់ ១៤១នាក់។

ករណីថ្មី២ដែលបានរកឃើញ​នេះ គឺបុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាយ័យដ្ឋាននៅ​ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ និងបុរស​ជនជាតិខ្មែរអាយុ ១៥ឆ្នាំ មានអាស័យដ្ឋាន​នៅ​ឃុំដើមមាន ខេត្ត​កណ្តាល។ ពួក​គេជាអ្នក​ដំណើរវិលត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​តាម​ជើង​ហោះហើរ​ត្រង់ បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០២០។

បច្ចុប្បន្ន​ពួក​គេ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

បើ​តាម​ការ​បញ្ជាក់របស់​ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា ជើងហោះហើរដែលពួក​គេ​បាន​ជិះ​មក​នោះ គឺមាន​អ្នក​ដំណើរ​សរុបចំនួន ១០៧នាក់ ក្នុងនោះ​មាន​ជនជាតិ​ខ្មែរ ១០៥នាក់ និង​ជនជាតិ​ម៉ាឡេស៊ី ២នាក់។

សម្រាប់​អ្នក​ដំណើរ​ជនជាតិខ្មែរ​ចំនួន ១០៣នាក់ មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវីដ​១៩ ហើយ​ត្រូវ​បានបន្ត​ស្នាក់​នៅ​មណ្ឌល​ចត្តាឡីស័កជម្ពូវ័ន១ រាជធានីភ្នំពេញ ដើម្បីរង់ចាំ​ការ​ដឹក​ជញ្ជូន​ទៅបន្ត​ធ្វើ​ចត្តាឡីស័កនៅតាម​បណ្តា​ខេត្ត​ដែល​ពួក​គាត់រស់​នៅ​រៀងៗខ្លួន, ចំណែក​បុរសជនជាតិម៉ាឡេស៊ី ២នាក់ បន្ត​ស្នាក់​នៅ​សណ្ឋាគារមួយ​ក្នុង​ទីក្រុង​ភ្នំពេញ ធ្វើ​ចត្តាឡីស័ក​ចំនួន ១៤ថ្ងៃ ដើម្បី​តាមដាន​សុខភាព​បន្ត​ទៀត៕

Advertisement
Advertisement