Connect with us

Hi, what are you looking for?

ក្នុងស្រុក

បន្តិចទៀតនេះ ក្រុងសៀមរាប​នឹង​មានផ្លូវ​មេ ៣៨ខ្សែ លើសក្រុងព្រះសីហនុទៅទៀត

ក្នុងពេលខាងមុខ​នេះ ក្រុង​សៀមរាប​នឹង​ធ្វើ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​មេ រហូត​ដល់ ៣៨ខ្សែ ដោយសរុប​ប្រវែង ៩៨៣៤គីឡូម៉ែត្រ។

ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នេះ គឺដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភណ្ឌភាពទីក្រុងសៀមរាប ឲ្យ​សាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង និងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប។

បើតាម​កិច្ច​ប្រជុំ​កាលពីថ្ងៃទី២៧ ខែមិថុនា ចុងសប្តាហ៍​កន្លងទៅនេះ ក្រោមអធិបតីលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូន និង​លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប បាន​បង្ហាញថា គម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ ដែល​សរុបប្រវែងប្រមាណ ៩៨,៣៤គ.ម នេះ គឺមាន​ផ្លូវពីរគន្លង ប្រវែងប្រមាណ ៤៤គ.ម និងផ្លូវបួនគន្លង មានប្រវែងប្រមាណ ៥៤គ.ម លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។

លោក ទៀ សីហា បាន​លើក​ឡើងថា ​ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ហើយស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន ត្រូវធ្វើការជួសជុល និងកែលម្អឡើងវិញ ហើយគម្រោងខ្សែផ្លូវមេទាំង ៣៨ខ្សែនេះ ដែលបានសិក្សានេះគឺជាសរសៃឈាម និងជាបេះដូងរបស់ខេត្ត ដើម្បីកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងសោភណ្ឌភាពរបស់ខេត្ត។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីការងារជួសជុល និងកែលម្អផ្លូវចំនួន១០ខ្សែ ដោយរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ផ្លូវតាអុច ផ្លូវនាគទេព ផ្លូវខ្នែងជន្លង់ ផ្លូវតុងសេង ផ្លូវអាទីហ្សង់ ផ្លូវគោកស្រិត ផ្លូវជាប់សូហ្វីតែល ផ្លូវពន្ធដារខេត្ត ផ្លូវកេសរកូល និងផ្លូវស្វាយមាស។

បើតាម​ការ​បញ្ជាក់របស់​លោក ស៊ុន ចាន់ថុល ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសហនុ ឲ្យ​សាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។

លោកថា រាជរដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកាដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនេះហើយ៕

Advertisement
Advertisement