តាកែវ៖ រំលងមិនបានមួយថ្ងៃផង ស្នងការនគរបាលខេត្តតាកែវ បានចេញលិខិតបំភ្លឺមួយករណីទៀតហើយ ពាក់ព័ន្ធនឹងរិះគន់របស់ប្រជាពលរដ្ឋចំពោះការអនុវត្តច្បាប់របស់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ដែលគេបានដាក់នៅចំណុចរង្វង់មូលអូរចំបក់ ច្រកចូលទីរួមខេត្តតាកែវ។
កាលពីថ្ងៃទី៨ ខែកក្កដា ស្នងការនគរបាលខេត្តតាកែវ បានចេញលិខិតបំភ្លឹមួយពាក់ព័ន្ធនឹងរឿងរ៉ាវប៉ូលិសចរាចណ៍រង្វង់មូលអូរចំបក់នេះ ក្រោយកើតមានហិង្សាជាមួយអ្នកបើករថយន្តដឹកមេរុ ហើយនៅថ្ងៃទី១០ ខែកក្កដា នេះ ស្នងការនគរបាលខេត្តតាកែវ បានចេញលិខិតមួយទៀត ពាក់ព័ន្ធប៉ូលិសចរាចរណ៍គោលដៅដដែលនេះ ត្រូវពលរដ្ឋរិះគន់ថាបានផាកពិន័យចំពោះអ្នកថ្មើជើងមិនពាក់មួកសុវត្ថិភាព។
យ៉ាងណាក៏ដោយ មហាជនបានលើកឡើងថា ស្នងការនគរបាលខេត្តតាកែវគួរពិនិត្យមើលភាពអសកម្មរបស់មន្រ្តីខ្លួន ដោយមិនត្រូវឈ្លោះជាមួយប្រជាពលរដ្ឋស្ទើររាល់ថ្ងៃនោះទេ ព្រោះថា បើមិនដូច្នោះទេ ស្នងការនគរបាលខេត្តតាកែវ មិនដឹងជាចេញលិខិតបំភ្លឺប៉ុន្មានសន្លឹកទៀតឡើយ៕