Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

តើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតនៅ​លើ​បណ្តាញសង្គម នឹង​ត្រូវ​មាន​ទោស​ដែរឬទេ?

បច្ចុប្បន្ន​នេះ នៅ​លើ​បណ្តាញ​សង្គម គេ​សង្កេត​ឃើញ​មាន​ការ​ចែក​ចាយ​នូវ​ “ព័ត៌មានមិនពិត – Fake News” ជា​ច្រើន​ ដែលវា​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​បុគ្គល ក៏​ដូចជា​សង្គម​ផងដែរ។

នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា “ព័ត៌មានមិនពិត – Fake News” សង្កេតឃើញមាន ០៣ប្រភេទ ធំៗគឺ៖

១- ព័ត៌មានតិះដៀល ឬប្រមាថ (Satire or Parody)៖ ជាប្រភេទអត្ថបទប្រើពាក្យកំប្លែងលេងសើច ការនិយាយបំផ្លើសឬការសើចចំអក ការរិះគន់ហែកហួរបុគ្គល ឬក្រុមមនុស្ស ជាពិសេសក្នុងបរិបទនយោបាយ និងលើប្រធានបទផ្សេងទៀត។ មកដល់បច្ចុប្បន្នបច្ចេកទេស Deep Fake ត្រូវបានយកមកប្រើប្រាស់ក្នុងការរចនាជាវីដេអូ ឬសម្លេង បង្កើតជាព័ត៌មានតិះដៀល ឬប្រមាថខាងលើផងដែរ។

២- ព័ត៌មានប្រឌិត (Misleading News)៖ ជាប្រភេទអត្ថបទដែលដកស្រង់ព័ត៌មាន ឬការស្រាវជ្រាវផ្សេងៗ មកបន្ថែមអត្ថន័យហួសការពិត និងមិនឆ្លុះបញ្ចាំងអំពីខ្លឹមសារដើម (Misinformation) ក្នុងគោលបំណងទាក់ទាញអ្នកទស្សនា។

៣- ព័ត៌មានបោកបញ្ឆោតដោយចេតនា (Clickbait)៖ ជាប្រភេទព័ត៌មានប្រឌិត (Disinformation) ឬបោកបញ្ឆោត (False Information) ដែលបង្កើតឡើងដោយចេតនាដើម្បីរកលុយតាមរយៈចំនួននៃការចុច ឬចំនួនទស្សនា ឬជាការឃោសនាបង្កើតឲ្យមានការភ័ន្តច្រឡំលើអ្វីមួយ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានប្រឌិត និងដើម្បីសុខមាលភាពសង្គមជាតិ បងប្អូនប្រជាពលរដ្ឋអាចអនុវត្តវិធីសាស្ត្រមួយចំនួន ដើម្បីកំណត់សុក្រិតភាពនៃព័ត៌មាន ដូចសង្ខេបជូនខាងក្រោម៖

– អានខ្លឹមសារអត្ថបទ និងស្វែងយល់អំពីប្រភពនៃព័ត៌មាន (អ្នកនិពន្ធ គេហទំព័រ)

– ធ្វើការផ្ទៀងផ្ទាត់អត្ថបទ ពីប្រភពផ្សេងៗ

– ធ្វើការត្រួតពិនិត្យកាលបរិច្ឆេទអត្ថបទ

– ធ្វើការប្រឹក្សាយោបល់ជាមួយបងប្អូន ឬមិត្តភ័ក្រ មុននឹងផ្សព្វផ្សាយបន្ត

– ធ្វើការរាយការណ៍ព័ត៌មានប្រឌិត (ឧទាហរណ៍ Report Post) ទៅកាន់ក្រុមហ៊ុនផ្សព្វផ្សាយសង្គម ឬរាយការណ៍ជូនអជ្ញាធរមានសមត្ថកិច្ច។

មាត្រាចែងពាក់ព័ន្ធនឹងបទល្មើសផ្សព្វផ្សាយព័ត៌មានប្រឌិត ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៖

– មាត្រា ៣០៥ “បទបរិហារកេរ្តិ៍ជាសាធារណ:” បានចែងថា៖ គ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍ និងត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។

– មាត្រា ៥០២ “បទប្រមាថ” បានចែងថា៖ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអ្នករាជការសាធារណ: ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណ:ដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃ ទៅ ៦ (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី ១.០០០ (មួយពាន់) រៀល ទៅ ១០០.០០០ (មួយសែន) រៀល។

– ទោសទណ្ឌផ្សេងៗ ដូចមានចែងក្នុងច្បាប់ពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា។

Advertisement
Advertisement